បន្ទាយមានជ័យ៖ ក្នុងនាមប្រធានគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត #៣កុំ និង #៣ការពារ និងដាក់ចេញវិធានការបន្ទាន់ ត្រៀមទប់ស្កាត់តាមវិធានការសុខាភិបាលក្នុងករណីមានភាពវិជ្ជមានទៅលើអ្នកបានប៉ះពាល់ដោយផ្ទាល់ជាមួយ អ្នកមានវិជ្ជមានកូវីដ១៩ម្នាក់ នៅទីតាំងមួយចំនួននៅក្រុងប៉ោយប៉ែត។
ការអំពាវនាវ និងដាក់វិធានការបន្ទាន់បែបនេះនៅក្រុងប៉ោយប៉ែតនា រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ខណះមានករណី សង្ស័យថាមានករណី ការឆ្លងវីរុសកូវិដ១៩ ពីនារីជនជាតិខ្មែរម្នាក់មកពីខេត្តសៀមរាប ព្រោះនាងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសជនជាតិចិនម្នាក់ ដែលបានឆ្លងមេរោគកូវីត១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២១ នៅកោះពេជ្រ រាជធានីភ្នំពេញ។ហើយបុរសជនជាតិចិននោះបានរត់គេចពីមណ្ឌលចត្តាឡីស័កនិងមន្ទីរពេទ្យ ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដឹកនាំ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងកងកម្លាំងចម្រុះ បានចុះពិនិត្យមើលទីតាំងមានការពាក់ព័ន្ធក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីពិនិត្យ ពិភាក្សា ដាក់ចេញវិធានការបន្ទាន់ ត្រៀមទប់ស្កាត់តាមវិធានការសុខាភិបាលក្នុងករណីមានភាពវិជ្ជមានទៅលើអ្នកបានប៉ះពាល់ដោយផ្ទាល់ជាមួយ អ្នកមានវិជ្ជមានកូវីដ១៩ម្នាក់ នៅទីតាំងមួយចំនួននៅក្រុងប៉ោយប៉ែត ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត #៣កុំ និង #៣ការពារ៕ដោយ៖ ឃិន គន្ធា




































