ឧត្ដរមានជ័យៈ ដីព្រៃខ្នងភ្នំដងរែកជាជំរកកងទ័ព និងដីព្រៃរក្សាទុកជុំវិញរមណីយដ្ឋានផ្ទះតាម៉ុក ត្រូវបានក្រុមប៉ូលីសវរការពារព្រំដែនលេខ៩០៥ បានឈូសឆាយធ្វើជាកម្មសិទ្ធរបស់ខ្លួន មានមួយចំនួនបានដាំដើមកៅស៊ូ និងតាង៉ែន ហើយមួយចំនួនទៀត ឃើញមានដាំសណ្តែកសៀង នេះជាប្រភពព័ត៌មានបានប្រាប់ឱ្យដឹងពីអាជ្ញាធរភូមិអូរគ្រញូង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
លោក សាស់ សុថន ជាមេភូមិអូរគ្រញូងបានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៤នេះថា ដីព្រៃនៅលើខ្នងភ្នំដងរែកដែលត្រូវប៉ូលីសព្រំដែនលេខ៩០៥ យកគ្រឿងចក្រទៅឈូសឆាយធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដែលមួយចំនួនតូច គឺបានទិញពីប្រជាពលរដ្ឋ តែមួយចំនួនធំបានរុករានយកអណាធិបតេយ្យ ដោយពុំមានច្បាប់ទំលាប់ និងគ្មានអ្នកទទួលខុសត្រូវ ហើយក្នុងនោះរូបលោក ក៏ដូចជាប្រជាពលរដ្ឋនៅភូមិអូរគ្រញូង មានការព្រួយបារម្ភយ៉ាងខ្លាំង ដែលព្រៃឈើខ្នងភ្នំដងរែកក្លាយទៅទីវាលជាច្រើនរយហិចតា ព្រោះព្រៃឈើទាំងនោះ ជាតំបន់ជំរករបស់កងទ័ព និងជាព្រៃរមណីយដ្ឋានផ្ទះតាម៉ុក ដែលអាជ្ញាធរ និងការិយាល័យទេសចរណ៍បានរក្សាទុក។
ហើយក៏បានបញ្ជាក់ថា មានន្ត្រីប៉ូលីសព្រំដែន២នាក់ បានចេញមុខយកគ្រឿងចក្រមករុករានដីព្រៃខាងលើ ដែលមានឈ្មោះ សូ វ៉ា និង ឡេង សារ៉ាន់ ជាប៉ូលីសវរការពារព្រំដែនលេខ៩០៥។ លោក ស៊ុំ សារឿន មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៩០៤ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៤នេះឱ្យដឹងថា លោកមិនបានឱ្យកាប់ដីព្រៃទេ ហើយដីទាំងនោះនៅព្រៃនៅឡើយទេ លោកបញ្ជាក់ថា ឯកឧត្តម នួន នៅ បានប្រគល់ដីកងទ័ពនៅតាមបណ្តោយជុំវិញប៉ុស្តិ៍ព្រំដែនក្បាលអន្សោង ប្រហែលជាង១គីឡូដី។
ទោះបីយ៉ាងណាក៏ដោយដីព្រៃជំរកកងទ័ព និងដីព្រៃជុំវិញរមណីយដ្ឋានផ្ទះតាម៉ុក បានក្លាយទៅជាទីវាលចំការកៅស៊ូ និងចំការតាង៉ែន អស់ទៅហើយ ដោយបញ្ហានេះឯកឧត្តម នួន នៅ ប្រធានគណៈបញ្ជាការឯកភាពទិសទី២ នៃភូមិភាគទី៤ បានឱ្យដឹងថា ឯកឧត្តមបានប្រគល់ដីចំណុចខាងលើ ត្រឹមតែប៉ុន្មានម៉ែត្រ៤ជ្រុង សំរាប់តែសាងសងប៉ុស្តិ៍របៀងព្រំដែន ហើយមិនបានអនុញ្ញាតឱ្យទៅកាប់បំផ្លាញព្រៃដែលប៉ះពាល់ដល់ជម្រកកងទ័ពនោះទេ ព្រោះដីព្រៃទាំងនោះ ជាទីតាំងរបស់កម្លាំងការពារព្រំដែន ខ្សែរត្រៀមជួរមុខ។ ប៉ែន នួន ឧត្ដរមានជ័យ