ខេត្តឧត្តរមានជ័យ ៖ ដោយ ចាន់.ធី.កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទីល្ងាចកម្លាំងការិយាល័យគ្រឿងញៀនទទួលបទបញ្ជាពីលោកស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹត សុខា នាយការិយាល័យ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ស្ថិតនៅត្រង់ចំនុចផ្លូវលំដីក្រាលគ្រួសក្រហម ភូមិបុស្ស សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
មន្រ្តីនគរបាលក្រុងសំរោង បានឲ្យដឹងថា ៖ ជនសង្ស័យម្នាក់ ឈ្មោះ ធី សាលីន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
វត្តុតាងដកហូតរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ហៅម៉ាទឹកកក ចំនួន ០២កញ្ចប់ ស្មើនឹង ៧.៨៥ក្រាម ថ្លឹងទាំងសំបកថង់, ទូរសព្ទ័ដៃចំនួន ០១គ្រឿង និងម៉ូតូចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕




































