ខេត្តបាត់ដំបង÷ដោយ.សៅ សារិទ្ធដោយសាតែម្ចាស់ដើមការទាំងអស់មានស្មារតីចូលរួមគោរពនូវវិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ក្នុងសហគមន៍របស់ក្រសួងសុខាភិបាលក៏ដូចជាអនុសាសន៍ណែនាំពីរាជរដ្ឋាភិបាលពិធីមង្គលការជាច្រើនក្នុងខេត្តបាត់ដំបងត្រូវបានផ្អាកដំណើរការបន្តបន្ទាប់។
ការផ្អាកវិធីមង្គលការជាបន្តបន្ទាប់នេះគេសង្កេតឃើញរយ:ពេលចុងក្រោយនេះមាតាបិតាដែលជាម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍ពិសេសក្នុងភូមិសាស្ត្រទីប្រជុំជនក្រុងបាត់ដំបងបានប្រកាសនៅតាមបណ្តាញព័ត៌មានសង្គមនិងមួយចំនួនទៀតបានជូនដំណឹងសុំទោសដល់ភ្ញៀវតាមប្រព័ន្ធលេខទូរស័ព្ទសុំផ្អាកនិងលើកពេលវេលាទទួលភ្ញៀវនៅពេលក្រោយរងចាំឲ្យស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាលល្អប្រសើរឡើងវិញទើបចាប់ផ្តើមរៀបចំសារជាថ្មីម្តងទៀត។
យោងតាមគណនេយ្យហ្វេសប៊ុកមួយមានឈ្មោះBel.Longបានបង្ហោះសារជាព័ត៌មានថាខ្ញុំបាទនាងខ្ញុំជាមាតាបិតារបស់កូនប្រុសឈ្មោះប៊ី.ប៊ែលឡុងនិងកូនស្រីឈ្មោះធឿន.សុធាតាដែលត្រូវរៀបចំពិធីមង្គលការនៅថ្ងៃទី១៣/១៤ខែមីនាឆ្នាំ២០២១ បានលើកទៅថ្ងៃក្រោយក្នុងករណីចាប់ផ្តើមរៀបចំឡើងវិញនឹងជូនដំណឹងនៅពេលបន្ទាប់។
ចំណែកម្ចាស់គណនេយ្យដែលមានឈ្មោះNH.Penhបានបង្ហោះសារក្នុងផេករបស់ខ្លួនដែរថា÷ក្នុងនាមខ្ញុំជាឳពុកខាងស្រីដែលរៀបចំពិធីមង្គលនៅថ្ងៃអាទិត្យទី ១៤ខែមីនាឆ្នាំ២០២១ត្រូវទទួលភ្ញៀវនៅហាងវិមានពរជ័យត្រូវបានផ្អាកជាបណ្តោះអាសន្នសិនដោយសារមានបញ្ហាជំងឺកូវីដ១៩កំពុងរីករាលដាលក្នុងសហគមន៍។
ម្ចាស់គណនេយ្យហ្វេសប៊ុក២ខាងលើក្នុងចំណោមម្ចាស់កម្មវិធីមង្គលការជាច្រើនទៀតក្នុងនោះក៏មានលោកផេង.សិទ្ធីអភិបាលក្រុងបាត់ដំបងផងដែរបានបង្ហោះបញ្ជាក់ខ្លឹមសារថា÷អាពាហ៍ពិពាហ៍កូនស្រីសម័យកូវីដ១៩រៀបចំត្រឹមជាលក្ខណះគ្រួសារប៉ុណ្ណោះមិនបានអញ្ជើញទេ។
ឆ្លើយតបទៅនឹងស្ថានភាពប្រទេសរងការប៉ះពាល់ដោយជំងឺកូវីដ១៩បច្ចុប្បន្ននេះការរៀបមង្គលការគឺជាប្រធានបទដ៏សំខាន់មួយដែលមហាជនក្នុងក្រុងបាត់ដំបងបានលើកយកមកនិយាយតៗគ្នាថា÷មាតាបិតាជាម្ចាស់ពិធីមង្គលទាំងអស់គួរតែផ្អាកឬលើកថ្ងៃម៉្យាងទៀតអាចរៀបចំពិធីត្រឹមតែសាច់ញាតិសមាជិកគ្រួសារចូលរួមតិចតួចបានហើយបើពុំនោះទេភ្ញៀវទាំងជិតឆ្ងាយគេមិនហ៊ានចូលរួមឡើយ៕




































