កុំចេះតែហ៊ាន !អាងខ្លួនមានលុយឃុបឃិតគ្នាលួចធ្វើប្លងដីមិនអាសូរចិត្តពលរដ្នស្លូតត្រង់

0

ព្រះវិហារ= តាមប្រភពបែកធ្លាយពីភាគីរងគ្រោះនិងសាក្សីពលរដ្ន ១០នាក់ក្នុងចំណោមពលរដ្នជាង១០០គ្រួសារប្រាប់ថា មេភូមិម្នាក់ឈ្មោះ ជា ជ អត់ចេះអក្សរត្រូវបានគេតែងតាំងជាតំណាងមេភូមិអូរចាក់ស្រា សំរាប់មើលការខុសត្រូវនៅតំបន់នោះ ដែលស្ថិតក្នុងឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ ក្រោយពីក្លាយជាមេភូមិបានមួយរយះ ក៏ចេះប្រើល្បិចធ្វើនំអត់ម្ស៉ៅក្នុងការលេបត្របាក់ដីពលរដ្ន លក់ទៅអោយអ្នកផ្សេង រួចហើយឃុបឃិតគ្នាជាប្រព័ន្ធ លួចធ្វើជាប្លងដីជាកម្មសិទ្ធស្របច្បាប់ស្ងាតៗមិនអោយម្ចាស់ដីដឹងឡើយ ធ្វើអោយពលរដ្នម្ចាស់ដីរងគ្រោះ កើតទុកមិនសុខចិត្តប្ដឹងទៅភូមិ ឃុំ ស្រុក តែពុំមានអ្នកអើពើជួយអន្ដរគមន៍ឡើយ រហូតប្ដឹងដល់តុលាការទៀត ទីបំផុតបានត្រឹមតែឈរអោបដៃទ្រហោរយំ មើលគេដាក់គ្រឿងចក្រឈូសឆាយ ភ្ជួររាស់លើដីរបស់ខ្លួនបានយ៉ាងរលូនតែប៉ុណ្ណោះ។

តាមការរៀបរាប់របស់ភាគីរងគ្រោះ ឈ្មោះ មឿន ហូន ជា( ប្ដី) និងប្រពន្ធ ឈ្មោះ ពេជ យី រស់នៅក្នុងភូមិ ឃុំ ខាងលើបានអោយដឹងថា មុនឆ្នាំ២០១០គាត់និងប្រពន្ធបានកាប់ឆ្កាព្រៃដោយដៃបានចំនួនជាង២៧ហិចតា ដើម្បីធ្វើចំការ លុះមកដល់ឆ្នាំ២០១០ស្រាប់តែ មេភូមិឈ្មោះ ជា ជ នេះបានទិញដីរបស់គាត់ក្នុង១ហិចតាតំលៃ ១៥០ដុល្លា ហើយបានកក់លុយចំនួន ១០០០ដុល្លា សំរាប់ដី៧ហិចតាតែប៉ុណ្ណោះ លុះដល់ឆ្នាំ២០១២លោក មេភូមិ ជា ជ បានប្រាប់ថា គាត់និងទិញដី១៥ហិចតា ទៀតសរុប២២ហិចតា ដោយធ្វើកិច្ចសន្យារយះពេល៧ថ្ងៃអោយលុយគ្រប់ចំនួន តែការសន្យានេះគ្រាន់តែជាការសន្យាខ្យល់តែប៉ុណ្ណោះការរងចាំបានឆ្អែតឆ្អន់និងចប់សព្វគ្រប់ហើយ មិនឃើញយកលុយមកអោយទេរហូតម្ចាស់ដីថ្មីលួចធ្វើប្លង់បានសំរេច ហើយដាក់គ្រឿងចក្រចូលកាយក្រវ៉ាតព្រំ បែរជាចោតម្ចាស់ដីរងគ្រោះថា គេទុកពេលអោយ១ខែកន្លះអោយតវ៉ាហើយមិនព្រមតវ៉ា រហូតមកដល់បច្ចុប្បន្នបានដាក់គ្រឿងចក្រកាយគល់ឈើនិងភ្ជួររាស់ដីយ៉ាងរលូន ទោះបីមានការរារាំងពីបងប្អូនពលរដ្នដែលគាំទ្រម្ចាស់ដីក៏ដោយ ក៏សកម្មភាពនេះមិនត្រូវបានបញ្ឈប់នោះឡើយ។

តំណាងពលរដ្ន១០នាក់ក្នុងចំណោមពលរដ្នជាង១០០គ្រួសារបាននិយាយថា យើងឈឺឆ្អាលចេញមុខមកជួយតវ៉ាម្ចាស់ដីរងគ្រោះដោយមើលឃើញភាពអយុត្តិធម៍ខ្លាំងពេក តែអ្នកខ្លះមិនហ៊ានចេញមុខមកទេ ដោយសារ លោក រ៉ាយ វុទ្ធី ដែលជាគូរកន របស់លោកមេភូមិ ជា ជ ចេញមុខមកគំរាមមិនអោយចេញមុខធ្វើសាក្សីឡើយ បើអ្នកណាហ៊ាន គេនិងចាប់ដាក់គុក តើលោក រ៉ាយ វុទ្ធី ជាអ្នកណាបានហ៊ានមកគំរាមពលរដ្នដូច្នោះ? ។
លោក រ៉ាយ វុទ្ធី បានឆ្លើយតបក្នុងការសម្ភាសទាំងគំរោលចូលថា គេមានដីកាចេញពីតុលាការសំរេចហើយ មិចលោកមិនមើលរួចហើយបិតទូស័ព្ទយ៉ាងលឿនខណះពេលយើងមិនទាន់សម្ភាសចប់ ក្នុងនោះពលរដ្នថាលោក រ៉ាយ វុទ្ធី ក៏មានការពាក់ព័ន្ធនិងរឿងពុករលួយដែរ ។

លោក ជា ជ មេភូមិ អូរចាក់ស្រា បានឆ្លើយបំភ្លឺតាមទូស័ព្ទថាលោកទទួលស្គាល់ថាពិតជាមានរឿងទិញលក់ដីនិងកក់លុយមែន តែអ្នកទិញដីមិនមែនលោកទេ ហើយការធ្វើប្លងរឹងក៏លោកមិនបានដឹងដែរ ដឹងថាមិនទាន់អោយលុយគ្រប់ និងហួសកិច្ចសន្យា ប៉ុន្ដែមិនមែនគេមិនអោយលុយនោះទេ គេខឹងដោយសារម្ចាស់ដីរងគ្រោះប្ដឹងយកដីមកវិញទាំងអស់ ។
លោក ប៉ាង យៀត អភិបាលស្រុកគូលែន បានផ្ដល់កិច្ចសម្ភាសថា រឿងនោះដោយសារតែម្ចាស់ដីប្ដឹងមកស្រុកហើយ គាត់ប្ដឹងទៅតុលាការទៀត ចឹងខាងស្រុកមិនអាចជ្រៀតជ្រែកកិច្ចការតុលាការទេព្រោះជាសិទ្ធរបស់តុលាការ ប៉ុន្ដែ ម្ចាស់ដីរងគ្រោះប្រាប់ថា ដោយសារតែពួកគាត់ប្ដឹងទៅស្រុក តែស្រុកមិនជួយរកដំណោះស្រាយទើបពួកគាត់ប្ដឹងទៅតុលាការតែម្ដង។

លោក ក្រួច ស្រប មេឃុំស្រយ៉ង បានឆ្លើយតបតាមទូស័ព្ទថា លោកមិនបានដឹងរឿងលំអិតនោះទេ គ្រាន់តែដឹងថាគេប្ដឹងទៅតុលាការ ហើយតុលាការចេញសាលដីការជាស្ថាពរ រឿងយ៉ាងណានោះលោកមិនទានបានឃើញឯកសាររបស់តុលាការទេ។

លោក យ៉ន ក្រុមប្រឹក្សាឃុំស្រយ៉ង បានផ្ដល់បទសម្ភាសតាមទូស័ព្ទថា ការចោតប្រកាន់លោកថាបានធ្វើអោយរហែកឯកសារនៃកិច្ចសន្យា៧ថ្ងៃនោះមិនមែនការពិតទេព្រោះលោកមិនបានទទួលឯកសារឡើយ ក្រោយមកលោកបានស៊ីបដឹងថាម្ចាស់ដីថ្មីគេមានប្លងរឹងជាកម្មសិទ្ធរួចទៅហើយនោះ លោកក៏ជួយសម្របសម្រួល អោយតំលៃដីទៅម្ចាស់ដីចាប់ពី១ហិចតា ៣០០ដុល្លារហូតដល់១ហិចតា ១០០០ដុល្លា តែភាគីជនរងគ្រោះតែមិនព្រមទទួលយកទេ ដោយយល់ថាដីរបស់គាត់សោះហេតុអ្វីបានជាគេលួចធ្វើប្លង់បាន ហើយមកសម្រួលជាមួយគាត់ទៅវិញ ។បើតាមមតិប្រជាពលរដ្ឋជាច្រើននាក់បានបញ្ចេញមតិរៀងៗខ្លួនថាហេតុអ្វីភាគីម្ខាងមានប្លង់រឹងត្រូវមកសម្រួលជាមួយម្ចាស់ដីរងគ្រោះស្របច្បាប់ក្នុងតម្លៃមួយហិចតា១០០០ដុល្លាក្នុងដីទំហំ២២ហិកតាទៅវិញ។

ពលរដ្នម្នាក់ ឈ្មោះ សេង បានតេទូស័ព្ទមកកាន់អ្នកសារព័ត៏មានយើងនៅព្រឹកថ្ងៃទី១២ ខែ មិនា ឆ្នាំ២០២១ ថា លោក ជា ជ គ្រាន់តែជាអ្នកនាំម៉ូយមកដាក់ ហើយស៊ីក្បាលកាក់និងជាសាក្សីប៉ុណ្ណោះ ត្រង់អោយលុយគ្រប់ឬមិនគ្រប់គាត់មិនបានដឹងទេ ! លោក សេងបន្ដថា កាលពី២០១០ លោកមឿន ហូន និង លោក ជា ជ មានដី១០០ហិចតា បំរុងពុះចែកគ្នា ម្នាក់៥០ហិចតា ក្រោយមកត្រូវលោក មឿន ហូន ច្បាមយកទាំងអស់ ។ ពាក្យនេះត្រូវ លោកស្រី ពេជ យី និងលោក មឿន ហូន បដិសេដ ថាមិនមានការពិតជាពាក្យបំភ្លើសការពិត។

ជាចុងក្រោយភាគីរងគ្រោះជាម្ចាស់ដីឈ្មោះ មឿន ហូន (ប្ដី)និងប្រពន្ធឈ្មោះ ពេជ យី ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ដែលជាសាក្សីដឹងឮ សូមសំណូមពរដល់អង្គភាពប្រឆាំងអំពើពុករលួយសើររើភាពមិនប្រក្រតីពាក់ព័ន្ធនិងការលួចដីធ្វើប្លងរឹងខណះពេលដីមិនទាន់ដោះស្រាយគ្នារួច ជាពិសេសសុំអន្ដរាគមន៍ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយដល់ពលរដ្នតូចតាចដែលកំពុងរងគ្រោះផង៕BRT