ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោងនាំយកគ្រឿងឧបភោគបរិភោគ និងបរិក្ខារពេទ្យឧបត្ថម្ភជូនពលករចំណាកស្រុកដែលកំពុងធ្វើចត្តាឡីស័ក

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង រួមជាមួយសហការី យកនូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត និងលោកជំទាវពេជ្រច័ន្ទមុន្នីឧបត្ថម្ភជូន ក្រុមប្រឹក្សាឃុំបន្ទាយស្ទោង  ដើម្បីបន្តនាំយកទៅជួយដោះស្រាយ ជូនប្រជាពលករចំណាកស្រុក វិលត្រឡប់មកកាន់មូលដ្ឋានវិញ ត្រូវបានអាជ្ញាធរកំណត់ឱ្យធ្វើចត្តាឡីស័ក នៅព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ ២០២១។

 មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧត្ថម្ភអំណោយ មានអង្ករចំនួន ៣០០គីឡូក្រាមមីចំនួន ១០កេះ ទឹកសុទ្ធចំនួន២០ យួរ ម៉ាស់ក្រណាត់ចំនួន ៥០០ម៉ាស់ ទឹកអាល់កុល និងជែល សម្រាប់លាងសំអាតដៃសម្លាប់មេរោគចំនួន៣០ដប និងបានណែនាំដល់អាជ្ញាធរឃុំ ត្រូវធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យយល់ជ្រួតជ្រាប ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 នឹងជំងឺឆ្លងកាចសាហាវគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលត្រូវបានរដ្ឋសភាព្រឹទ្ធសភាបានអនុម័ត បានប្រកាសប្រើច្បាប់នេះ ។

 ឧត្តមសេនីយ៍ទោសោម ស៊ុន បានណែនាំដល់អាជ្ញាធរឃុំ គ្រប់គ្រងប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋាន ដោយមិនអនុញ្ញាតអោយចេញក្រៅបរិវេណផ្ទះ មុនរយេះពេលផុតកំណត់  របស់ក្រសួងសុខាភិបាល ក្នុងករណីមិនបានអនុវត្តតាម ត្រូវទទួលពិន័យជាប្រាក់ និងទោសទ័ណ្ឌតាមច្បាប់ថែមទៀតផង និងសូមឲ្យអាជ្ញាធរដែនដីនាំយកនូវគ្រឿងឧបភោគបរិភោគ និងបរិក្ខាពេទ្យការពារមេរោគកូវីដ19 ទៅឧបត្ថម្ភជូនបងប្អូនដែលមានជីវភាពលំបាកខ្វះខាតឱ្យដល់លំនៅដ្ឋាននីមួយៗផងដែរ។

ឧត្តមសេនីយ៍ទោសោម ស៊ុន ក៏បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់រូបត្រូវតែប្រុងប្រយ័ត្នខ្ពស់ ក្នុងកាលៈទេសៈដែលប្រទេសជាតិយើង កំពុងតែឆ្លងរីករាលដាលមេរោគកូវីត19 ចូលក្នុងសហគមន៍ ដោយសំណូមពរឲ្យបងប្អូនយើងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ 3កុំ និង 3 ការពាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងនោះក្រុមប្រឹក្សាឃុំ រួមជាមួយជំនួយការឃុំ បានប្ដេជ្ញាចិត្តអនុវត្តតាមការណែនាំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោងអោយមានប្រសិទ្ធភាព ។

ដោយ ប៊ុន រដ្ឋា