ខេត្តបាត់ដំបង÷ដោយ.សៅ.សារិទ្ធ កាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០២១វេលាម៉ោង១០និង៣០នាទីនៅមូលដ្ឋានស្រុកឯកភ្នំខេត្តបាត់ដំបងសមត្ថកិច្ចបានចុះប្រតិបត្តការចុះឃាត់ក្រុមក្មេងដែលបានបើកការប្រយុទ្ធគ្នានៅតាមដងផ្លូវចំនួន១៥នាក់។លោកវរសេនីយ៍ឯកឈឿង.គឹមសុងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានបានឲ្យដឹងថា÷ករណីខាងលើនេះលោកបានដឹកនាំកម្លាំងការិយាល័យជំនាញរួមជាមួយក្រុមអន្តរាគមន៍បង្ការបង្ក្រាបសហការជាមួយកម្លាំងអធិការរដ្ឋាននគរបាលស្រុកឯកភ្នំចុះឃាត់ខ្លួនក្រុមជនបង្កខាងលើដោយស្របតាមការសម្របសម្រួលនីតិវិធីពីលោកគឺ.ប៉ុណ្ណារ៉ាព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តផងដែរ។
ក្រុមជនបង្កខាងលើបានធ្វើសកម្មភាពបណ្តាលឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(កាប់និងគប់លេីម៉ូតូ)ចំនួន០១ ករណីដែលកេីតឡេីងកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២១វេលាម៉ោង១៦និង២០នាទីកន្លងទៅឋិតត្រង់ចំណុចមុខផ្ទះលក់គ្រឿងសំណង់យីហោរុន.ម៉េងក្នុងភូមិព្រែកតាច្រែងឃុំព្រែកនរិន្ទស្រុកឯកភ្នំខេត្តបាត់ដំបងតែករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡេីយដោយខូចខាតតែម៉ូតូចំនួន០២គ្រឿងតែប៉ុណ្ណោះ។
ប្រភពខាងលើបានបន្តថា÷ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០២ក្រុមមានគ្នាចំនួន ១៥នាក់គឺក្រុមBoySrerចំនួន០៨នាក់នឹងក្រុមBoyLoyចំនួន០៧នាក់។វត្ថុតាងដកហូតរួមមាន៖ម៉ូតូម៉ាកហុងដាប៊ីតប៊ីតពណ៌ខៀវសពាក់ស្លាកលេខបាត់ដំបង1AK.7980ចំនួន០១គ្រឿង,ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០១២ពាក់ស្លាកលេខបាត់ដំបង1N.8871ចំនួន០១គ្រឿង,កាំបិតខ្វែវដងឬស្សីប្រវែង០១ម៉ែត្រចំនួន០១ដើមនិងដុំឥដ្ឋចំនួន០២ដុំផង។
ចំណែកមូលហេតុដែលជនសង្ស័យចំនួនពីរក្រុមខាងលើនេះមានទំនាស់ជាមួយគ្នាគឺមកពីការសរសេរខូមិន(Comment)ដៀមដាមឌឺដងដាក់គ្នាតាមរយៈបណ្ដាញសង្គមTiktokនាពេលកន្លងមកហើយក៏ផ្តើមទៅជាសកម្មភាពជាក់ស្តែងនៅលើសមរភូមិដងផ្លូវក្នុងមូលដ្ឋានខាងលើតែម្តង។
ក្រោយសមត្ថកិច្ចធ្វើការសាកសួរបច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធី៕សៅ សារិទ្ធ




































