ដើម្បីប្រជាជនក្នុងមូលដ្ឋានខណ្ឌ តាំងពីជំងឺកូវីដមក មិនដែលបានសម្រាកលក់ស្រួលទេ ត្រូវគប់គ្រងស្ថានការណ៌ទាំងថ្ងៃ ទាំងយប់!!! សូមបងប្អូនជៀសផុតពីជំងឺកូវីដ ទាំងអស់គ្នា

ភ្នំពេញ៖ ចាប់តាំងពីព្រឹត្តិការណ៍ ២០កុម្ភៈ ជំងឺកូវីដ-១៩ ចាប់ផ្តើមរីករាលដាលក្នុងសហគមន៍ជាលើកទី៣ ថ្នាក់ដឹកនាំខណ្ឌសែនសុខ និងមន្រ្តីរាជការខណ្ឌ សង្កាត់ ភូមិ កម្លាំងចម្រុះមិនមានពេលសម្រាកនោះទេ ទាំងថ្ងៃទាំងយប់ ដើម្បីចុះពិនិត្យស្ថានភាពក្នុងមូលដ្ឋាន តាមដានស្វែងរកអ្នកដែលពាក់ព័ន្ធ និងដាក់វេនយាមប្រចាំការនៅទីតាំងដែលធ្វើចត្តាឡីស័កតាមលំនៅដ្ឋាន ក៏ដូចជាទីតាំងនៅសាលារៀន ជាបន្តបន្ទាប់ ដើម្បីខិតខំទប់ស្កាត់ការពារមិនអោយមានការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍បន្តទៀត ។

ជាក់ស្តែងវេលាម៉ោង ២:៣០នាទីយប់អធ្រាត្រ ថ្ងៃទី១២ មីនា ២០២១ បន្ទាប់ពីចុះពិនិត្យសភាពការណ៍នៅទីតាំងចត្តាឡីស័កមួយចំនួនក្នុងមូលដ្ឋានខណ្ឌរួចមក លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ រួមដំណើរជាមួយលោក សក់ ច័ន្ទកញ្ញារិទ្ធ , លោក តិមា សោភា អភិបាលរងខណ្ឌ, លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌ បានចុះទៅទីតាំងចត្តាឡីស័កនៅសាលារៀនមួយកន្លែងក្នុងសង្កាត់គោកឃ្លាង បន្ទាប់ពីទទួលព័ត៌មានពីក្រុមការងារថា មានជនជាតិចិនម្នាក់ដែលកំពុងធ្វើចត្តាឡីស័កបង្កភាពគ្មានសណ្តាប់ធ្នាប់មួយចំនួននៅទីតាំងនោះ លោកអភិបាលខណ្ឌបានចុះទៅដល់ និងបានធ្វើការសម្រួលដោះស្រាយភ្លាមៗ ហើយដាក់កម្លាំងចម្រុះយាមកាមយ៉ាងតឹងរឹងបន្ថែមទៀតនាពេលយប់នេះផងដែរ ។

គួរបញ្ជាក់ថា : ទីតាំងចត្តាឡីស័កក្នុងខណ្ឌសែនសុខគិតត្រឹមថ្ងៃទី១២ មីនា ឆ្នាំ២០២១ មានសរុបចំនួន ២៣ទាំងតាំង ដោយឡែកបានបើកដំណើរការធម្មតាវិញចំនួន ០៤ទីតាំង តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ចប់ការធ្វើចត្តាឡីស័ក ។

ជាមួយនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធអង្គភាពទាំង០៣ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ពិសេសលោកចៅសង្កាត់ទាំង០៦ ចៅរងសង្កាត់ និងលោក-លោកស្រីមេភូមិ អនុភូមិ ប្រជាការពារភូមិទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តមិនខ្លាចហត់នឿយ ចូលរួមយ៉ាងសកម្ម ទាំងការចុះផ្សព្វផ្សាយអនុវត្តទប់ស្កាត់ការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនជារៀងរាល់ថ្ងៃ សូមជូនពរដល់ លោក-លោកស្រីមន្ត្រីរាជការទាំងអស់មានសុខភាពល្អគ្រប់ៗគ្នា និងជៀសផុតពីជំងឺផងដែរ ។
ជាចុងក្រោយ លោកអភិបាលខណ្ឌសែនសុខ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តចូលរួមគោរពអនុវត្តអោយបានតឹងរឹងនូវវិធីការពារជំងឺកូវីដ-១៩ គឺ ៣កុំ ,៣ការពារ , ២ចូលរួម , ដែលតែងតែបានផ្សព្វផ្សាយជាបន្តបន្ទាប់ ។ ដើម្បីសុខសុវត្ថិភាពក្រុមគ្រួសារ ប្រជាជន និងប្រទេសជាតិ សូមបងប្អូនប្រជាពលរដ្ឋបន្តគោរពអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល អោយបានត្រឹមត្រូវ ។

“បើមិនចាំបាច់ កុំចេញក្រៅផ្ទះ“ មួយរយៈសិន ៕