ខេត្តបាត់ដំបង÷បុរសជាកសិករម្នាក់ត្រូវបានបាត់បង់ជីវិតមួយប៉ព្រិចភ្នែកខណះដែលជនរងគ្រោះមិនប្រយ័ត្នក្នុងការពង្រាយខ្សែលួសដាក់ឆក់សត្វកណ្តុរដែលភ្ជាប់ជាមួយម៉ូទ័រដែលមានចរន្តអគ្គិសនីខ្លាំងក៏បានឆក់ខ្លួនឯងស្លាប់ភ្លាមៗតែម្តង។សមត្ថកិច្ចបានប្រាប់ថាករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១២ខែមិនាឆ្នាំ២០២១វេលាម៉ោង០៨:១៥នាទីព្រឹកស្ថិតនៅក្នុងចំណុចក្រុមទី០២ភូមិក្បាលថ្នល់ឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។
ជនរងគ្រោះដែលត្រូវបានចរន្តអគ្គិសនីឆក់បណ្តាលឲ្យស្លាប់មានឈ្មោះសុគន្ធ.សំអុលភេទប្រុសអាយុ៣១ឆ្នាំរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។សមត្ថកិច្ចបញ្ជាក់ថាមូលហេតុនៃការឆក់ចរន្តអគ្គិសនីដោយសាជនរងគ្រោះយកម៉ូទ័រដាក់ពង្រាយខ្សែលួសឆក់សត្វកណ្តុរនៅវាលស្រែត្រង់ចំណុចខាងលើ។
ពាក់ព័ន្ធករណីខាងលើនិងស្របតាមរដូវកាលដែលប្រជាកសិករតែងនាំគ្នាប្រម៉ាញ់សត្វកណ្តុរផងសមត្ថកិច្ចក៏បានធ្វើការណែនាំដល់ប្រជាកសិករទាំងអស់ត្រូវមានការប្រយ័ត្នប្រយ៉ែងក្នុងការប្រើឧបករណ៍ឆក់ដោយប្រើចរន្តអគ្គិសនីឬក៏បញ្ឈប់ប្រើប្រាស់តែម្តងជៀសវាងមានហានីភ័យដល់ខ្លួនឯងឬអ្នកដ៏ទៃនៅថ្ងៃណាមួយបន្តទៀត៕សៅ សារិទ្ធ





































