ខេត្តតាកែវ គ្រោងសាងសង់រូបសំណាកបង្កង និងពងទាកូន ជាផលិតផលសក្តានុពល ឱ្យលេចជារូបរាងឆាប់ៗនេះ

គ្រប់គ្នា ប្រាកដជាស្គាល់រួចមកហើយ អំពីខេត្តតាកែវ ដែលជាខេត្ដមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ខេត្តនេះមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពត ភាគពាយ័ព្យជាប់នឹងខេត្តកំពង់ស្ពឺ ខាងជើងនិងខាងកើតជាប់ខេត្តកណ្ដាល និងភាគខាងត្បូងជាប់ជាមួយព្រំដែនអន្ដរជាតិប្រទេសវៀតណាម។

កាលពីថ្មីៗនេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានអោយដឹងថា៖នាពេលឆាប់ៗនេះ ខេត្តតាកែវនឹងសាងសង់រូបសំណាកបង្កង និងពងទាកូនដែលជាផលិតផលសក្តានុពលរបស់ខេត្តតាកែវនឹងចេញជារូបរាងនាពេលខាងមុខនេះ។

គួរបញ្ជាក់ថា ខេត្តតាកែវ ជា ខេត្ត ដែលល្បីល្បាញ សម្បូរ ទៅ ដោយ បង្កង បឹង ធម្មជាតិ ធំ ៗ ជា ច្រើន ហើយបង្កង ខេត្តតាកែវ ក្លាយជា ផលិតផល ដែល ត្រូវបាន ទទួលស្គាល់ថា ជា ផលិតផល ប្រចាំខេត្ត ផងដែរ មិនតែប៉ុណ្ណោះបង្កង ខេត្តតាកែវ ក៏បានរួមចំណែក ទាក់ទាញ ភ្ញៀវទេសចរ មកពី ទូទាំងប្រទេស ទាំង ភ្ញៀវ ជាតិ និង អន្តរជាតិ មក កម្សាន្ត និង មក ភ្លក់ រសជាតិ មុខម្ហូប បង្កង ដ៏ មានឱជារស ។

ក្នុងនោះ ខេត្តតាកែវ ក៏ជាខេត្តមួយផលិតពងទាកូនធំជាងគេ ក្នុងការផ្គត់ផ្គង់ទៅកាន់ទីផ្សារទូទាំងប្រទេស ដែលមានបងប្អូនប្រជាកសិករជាច្រើនចូលចិត្តចិញ្ចឹមទា និងភ្ញាស់ពងទា ជាលក្ខណៈប្រពៃណីតៗគ្នាមក ធ្វើឱ្យខេត្តក្លាយជាជង្រុកដ៏ធំ មានសម្បូរផលិតផលពងទាកូន ដ៏ល្បីល្បាញ៕