សៀមរាប៖ បែកធ្លាយរឿងថៅកែហាងយីហោ រាជនីបបរស ប្រើអំពើហឹង្សាលើកូនស្រីរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ តាមហ្វេសប៊ុក បន្ទាប់ពីលាក់បាំងបានប៉ុន្មានថ្ងៃក្រោយមក។ ក៏ប៉ុន្តែរឿងនេះត្រូវបានបញ្ចប់ទៅវិញ ដោយឪពុកធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច។
ថៅកែហាងរាជនីបបរស មានឈ្មោះ តេង នរ៉ា និងប្រពន្ធឈ្មោះស៊ីម ធារី។ ចំណែកកូនស្រីរងគ្រោះឈ្មោះ អាំង គឹមឡេង អាយុ១៨ឆ្នាំ។ អ្នកទាំង៣រស់នៅហាងរាជនីបបរស ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ រឿងអំពើហឹង្សាលើក្មេងស្រីនេះ ក៍ត្រូវបានបែក ធ្លាយតាមរយះហ្វេសប៊ុកឈ្មោះ Morn Sovanny ដោយសរសេរថា ក្មេងស្រីឈ្មោះ អាំង គឹមឡេង ត្រូវបានវាយនៅក្នុងបន្ទប់ នៅក្នុងភោជនីយដ្ឋានរាជនីបបរសជារាល់ថ្ងៃឪពុកបានដកហូតទូរសព្ទ័ បិទសិទ្ធិសេរីភាពកូនមិនអោយចេញទៅក្រៅ មិនអោយទាក់ទងជាមួយបងប្អូនឡើយ។ ស្នើសុំអោយសមត្ថកិច្ចជួយរកយុត្តិធម៍ទៅលើក្មេងស្រីនេះផង ដែលត្រូវបានវាយធ្វើបាបយ៉ាងធ្ងន់ធ្ងរទៅលើរាងកាយ និងក្បាលកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១។ ក្រោយរឿងហឹង្សាខាងលើបែកធ្លាយតាមសង្គមហ្វេសប៊ុក សមត្ថកិច្ចបានចុះទៅអន្តរាគមន៍។ យោងតាមរបាយការណ៍ និងកិច្ចសន្យា របស់នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប បានចុះទៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បង្ហាញថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មានអាខោនហ្វេសប៊ុកឈ្មោះ MornSovanny បានបង្ហោះថាក្មេងស្រីឈ្មោះ អាំង គឹមឡេង ដូចរៀបរាប់ខាងលើ សមត្ថកិច្ចបានចុះទៅដល់និងនាំយកអ្នកពាក់ពន្ធ័មកសាកសួរ។
បើយោងតាមរបាយការណ៍នេះ បញ្ជាក់ទៀតថា ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ អាំង គឹមឡេង ភេទស្រី អាយុ១៨ឆ្នាំ ជាជនរង គ្រោះបានបំភ្លឺថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២១ ឪពុកបង្កើតរបស់ខ្លួនឈ្មោះ តេង នរ៉ា បានបើកទ្វារបន្ទប់របស់ខ្លួនដោយនៅក្នុងចន្លោះពីម៉ោង១០ ទៅម៉ោង១១ ហើយបានយកដែកព្យួរខោអាវវាយមកលើខ្លួនបណ្តាលឲ្យជាំលើកដៃឆ្វេង លើខ្នងដៃខាងស្តាំ លើខ្នង លើភ្លៅ និងជង្គង់ទាំងសងខាង មិនបណ្តាលឲ្យដាច់រលាត់សាច់នោះទេ គ្រាន់តែដាំ ហើយ ក៏បានយកថ្នាំពណ៌ស្វាយលាបឲ្យ ដោយមូលហេតុថាខ្លួនបានលួចលុយ៥០០០ដុល្លារ ទៅឲ្យបុរសម្នាក់ដែលទាក់ទងគ្នាដោយមិនស្គាល់គ្នាច្បាស់លាស់ទេ ហើយលេខទូរស័ព្ទ បុរសនោះក៏មិនស្គាល់ដែរ និងម្យ៉ាងទៀតខ្លួនមិនសូវជួយការងារផ្ទះផងនិងមិនស្តាប់ ដំបូន្មានឪពុកផងទើបគាត់វាយ។ ពេលម្តាយលាបថ្នាំឲ្យខ្លួនបានថតស្លាកស្នាមហើយបញ្ជូនរូបនេះទៅឲ្យជីដូន ឈ្មោះ Morn Sovanny ហើយឈ្មោះ MornSovanry បានសរសេរថែមបង្ហោះក្នុងបណ្តាញសង្គមហ្វេស ប៊ុក តែម្តង។ចំពោះរឿងនេះខ្លួនមិនប្តឹងផ្តល់អ្វីទេ សូមឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យា ឪពុក បញ្ឈប់ អំពើហិង្សាមកលើខ្លួនទៀត។
ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ តេង នរ៉ា ហៅ សេង ជាឪពុកបានសារភាពថា បានយកក្រាសសិតសក់និងដែកព្យួរខោអាវវាយទៅលើកូនស្រីមែន តែមិនធ្ងន់ធ្ងរទេ ដោយសារតែខឹងនឹងកូនស្រីលួចប្រាក់និងមិនស្តាប់ដំបូន្មាន ហើយដើរលេង សេពគប់ មិត្តភ័ក្តមិនល្អទើបធ្វើបែបនេះ ។ តាមការបំភ្លឺរបស់ឈ្មោះ ស៊ឹម ធារី ត្រូវជាម្តាយបង្កើតបានឆ្លើយថា ប្តីរបស់គាត់ឈ្មោះ តេង នរ៉ា ហៅ សេង បានយកដែកស្នាអាវវាយកូនពិតប្រាកដមែន តែគាត់មិនប្តឹងផ្តល់ ប្ដីគាត់ឈ្មោះ តេង នរ៉ាដែរ។ ក្រោយពីបានឯកភាពពីព្រះរាជអាជ្ញាកម្លាំងការិយាល័យជំនាញនិងអធិការក្រុងសៀមរាបបានធ្វើកិច្ចសន្យាឈ្មោះ តេង នរាំ ដែលជាឪពុកបង្កើតឲ្យបញ្ឈប់ប្រើអំពើហិង្សាទៅលើកូនស្រីតទៅទៀត។តាមរយះហ្វេសប៊ុកដែលបង្ហោះរឿងហឹង្សាខាងលើ ដែលមានគេស៊ែរាប់រយនាក់ ក៍មានមតិមហាជននិយាយតៗគ្នាថា គេនឹងរងចាំមើលថា អំពើហឹង្សាមួយនេះ អ្នកប្រព្រឹត្តិមានទោសដែរឬទេ៕