មេបញ្ជាការ កងទ័ពជើងគោកថៃ លោក ប្រាយុទ្ធ ឆ្លើយតបនឹង ការទទួលតំណែង នាយក រដ្ឋមន្ត្រី ទន្ទឹម នឹងការបង្ហាញ ពីបេក្ខភាព គណៈរដ្ឋមន្ត្រី យោធា ។ យោងតាមគេហទំព័រ Thai News នៅថ្ងៃ ចន្ទ ទី ៤ ខែ សីហា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា បន្ទាប់ពីមានព័ត៌មានយ៉ាងក្តៅកគុក នៃស្វែងរកបេក្ខភាព នាយករដ្ឋមន្ត្រី នៅក្នុងជួរកងទ័ព ទន្ទឹមគ្នានឹងការបង្ហាញពីសមាសភាពគណៈរដ្ឋមន្ត្រីយោធា កាល
ពីសប្ពាហ៍មុននោះ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា មេបញ្ជាការ កងទ័ពជើងគោកថៃ និងជាប្រធានគណៈរក្សាសន្តិសុខជាតិ បានសម្រេចចិត្តឆ្លើយតបទទួលយកតំណែងនាយករដ្ឋមន្ត្រី ដោយមិនចាំបាច់ឆ្លងយោបល់ ពីមន្ត្រីយោធាជាន់ខ្ពស់។ ទន្ទឹមគ្នានឹងការបង្ហាញពីបេក្ខភាពគណៈរដ្ឋមន្ត្រីដែលភាគច្រើន មកពីស្ថាប័នយោធា ក្នុងរួមមាន ឧត្តមសេនីយ៍ ប្រាជីន ចាន់តង មេបញ្ជាការកងទ័ពអាកាស កាន់តំណែងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងគមនាគមន៍ ឧត្តមសេនីយ៍ ដាវភុង រតនៈសុវណ្ណ អតីតមេបញ្ជាការកងទ័ពជើងគោក មានតំណែង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ ឆាត់ឆៃ សារិកល្យា ជំនួយការមេបញ្ជាការកងទ័ពជើងគោក មានតំណែងជា រដ្ឋមន្ត្រីក្រសួងថាមពល។ លោក ប្រាជិន បានបញ្ជាក់ថា លោក ប្រាយុទ្ធ មានគុណសម្បត្តិគ្រប់គ្រាន់ ជានាយករដ្ឋមន្ត្រី ព្រោះក្នុងរយៈពេលជាង ២ខែ កន្លងមកនេះ លោក ប្រាយុទ្ធ ដឹកនាំប្រទេស បានយ៉ាងល្អប្រសើរ និង បានការគាំទ្រពីប្រជាពលរដ្ឋភាគច្រើនផងដែរ។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ១៤ ខែ សីហា ខាងមុខនេះ សភាថៃនឹងធ្វើការបោះឆ្នោតជ្រើសរើស បេក្ខភាពនាយករដ្ឋមន្ត្រីជាផ្លូវការ ហើយគេដឹងដែរថា មានតែលោក ប្រាយុទ្ធ ម្នាក់គត់ អង្គុយកៅអី នាយករដ្ឋមន្ត្រី។