តែកុងរថយន្តចំនួន២នាក់ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ធ្វើការពិន័យអន្តរការណ៍ខណៈពួកគេព្យាយាមបើករថយន្តគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក

ខេត្តព្រះសីហនុ៖កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់នារសៀលថ្ងៃទី១៤ ខែ មិនា ឆ្នាំ២០២១នេះបានធ្វើការ ឃាត់ខ្លូនអ្នកបើកបរចំនួន២ធ្វើការពិន័យអន្តរការណ៍ គឺឃាត់ខ្លូនក្រោយពេលអ្នកបើកបរទាំង២នាក់នោះព្យាយាម បើករថយន្ត គេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កចំណុចត្រពាំងរពៅ (ផ្លូវជាតិលេខ៣) ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត ។

អ្នកបើកបរដែលសមត្ថកិច្ចឃាត់ខាងលើ មានឈ្មោះទី ១ សាធ វាចា ភេទ ប្រុសបើកបររថយន្តដឹក ស៊ីម៉ង់ត៍មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3B7264បានបើកគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កនៅចំណុចត្រពាំងរពៅ (ផ្លូវជាតិលេខ៣) ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត។ ទី២- អ្នកបើកបរឈ្មោះ ភិន ភ័ក្រ ភេទ ប្រុស បើកបររថយន្តម៉ាកសាំងយ៉ុងពណ៌លឿងពាក់ស្លាកលេខភ្នំពេញ2AE5252បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កនៅចំណុចត្រពាំរពៅ (ផ្លូវជាតិលេខ៣) ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត។ 

អ្នកបើកបរទាំង២នាក់សមត្ថកិច្ចបានបញ្ជាក់ថា បើយោងតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២២ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី១.០០០.០០០(មួយលាន)រៀលទៅ៥.០០០.០០០(ប្រាំលាន)រៀលចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័កឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័កតែមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ដល់អ្នកដទៃ។ចំពោះជនដែលប៉ុនប៉ងនិងបំផ្លាញសុខភាពសាធារណៈរបស់ជាតិយើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។ដូចច្នេះ

បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវ នាវ របស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕