ខេត្តឧត្តរមានជ័យ៖ ដោយ ចាន់ ធី តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាពី ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ តាមបណ្តាអង្គភាពបានខិតខំបន្តកសាងផ្ទះស្នាក់នៅ បំផុសចលនាប្រឡងប្រណាំងការបង្កបង្កើនផលដើម្បីដោះស្រាយជីវភាពរបស់កងទ័ព ពិសេសកសាងប្រព័ន្ធការពារគ្រប់ប្រភេទឲ្យបានរឹងមាំ ដែលអង្គភាពកំពុងទទួលខុសត្រូវ ទទួលបានសមិទ្ធិផលគួរជាទីមោទនៈ។
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ គ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ បានយកចិត្តទុកដាក់អនុត្តវិធានការអនាម័យយ៉ាងខ្ជាប់ខ្ជួនដោយបាញ់កំដៅ លាងដៃនិងអាល់កុលជាប់ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដោយអនុវត្ត ៣ការពារ ៣កុំ ។
ដោយឡែកកម្លាំង ៤០នាក់បន្ត សហការជាមួយក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាប្រចាំច្រកទាំង៣ (អូរស្មាច់ ថ្មដូន និងជប់គគីរ) កងពលតូចដឹកជញ្ជូនលេខ៩៩ កងកម្លាំងចម្រុះ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រៀមដឹកជញ្ជូនប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ និងប្រចាំការ ការពារពលករខ្មែរនៅតាមទីតាំងមណ្ឌលចត្តាឡីស័ក ទាំង១២ក្នុងខេត្តឧត្តរមានជ័យ មិនឲ្យចេញក្រៅមណ្ឌលក្នុងពេល អនុវត្តចត្តាឡីស័កតាមការណែនាំកំណត់របស់ក្រសួង សុខាភិបាល៕




































