ខេត្តបាត់ដំបង÷លោកផេង.សិទ្ធីអភិបាលក្រុងបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២១នេះថា÷ក្រោយពីរដ្ឋបាលខេត្តបាត់ដំបងបានចេញលិខិតជូនដំណឹងផ្អាកបណ្តោះអាសន្ននូវការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ជប់លៀងកម្មវិធីបិណ្យទានពិធីសាសនានិងពិធីជួបជុំប្រមូលផ្តុំមនុស្សច្រើនយ៉ាងណាក្តីក៏ម្ចាស់អាជីវកម្មក្លឹបកម្សាន្តខារ៉ាអូខេមួយចំនួននៅក្នុងក្រុងបាត់ដំបងនៅតែល្មើសបំពានមិនគោរពតាមខណ:ក្រុមការងារបានរកឃើញជាក់ស្តែងដូចជា:អាហារដ្ឋានស៊ុបបងប្អូន,ស៊ុបប្រាកដ,អាហារដ្ឋានហ្គោលឌិននិងចុងក្រោយគឺអាហារដ្ឋាន(មាន់ស្រែidol)ដែលឋិតនៅក្នុងក្រុងបាត់ដំបងខេត្តបាត់ដំបង។
ក្រោយពីមានចំណាត់ការពីរដ្ឋបាលខេត្តខាងលើមន្ត្រីជំនាញសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះក៏បានធ្វើយុទ្ធនាចុះពិនិត្យនិងណែនាំអប់រំតាមបណ្តាអាហារដ្ឋានក្លឹបកម្សាន្តខារ៉ាអូខេនៅក្នុងក្រុងបាត់ដំបងបានរួចរាល់ដែរហើយកាលពីយប់ថ្ងៃទី១៥ខែមីនាកន្លងមកនេះ។ដោយឡែកក្រោយពីកិច្ចប្រតិបត្តិការខាងលើមន្ត្រីជំនាញក៏បានរកឃើញអាហារដ្ឋានបង្កប់ខារ៉ាអូខេ១កន្លែងមានយ៉ីហោ(មាន់ស្រែIdol)
នៅក្នុងភូមិដំណាក់ហ្លួងសង្កាត់វត្តគរក្រុងបាត់ដំបងក្នុងចំណោមអាហារដ្ឋានខាងលើបានផ្គើនលួចបើកអាជីវកម្មខារ៉ាអូខេមិនគោរពតាមគោលការណ៍ណែនាំរបស់អាជ្ញាធរពិសេសក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាលសំដៅទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ចូលក្នុងសហគមន៍ក៏ត្រូវបានអាជ្ញាធរក្រុងសម្រេចផ្អាកដំណើរការមួយរយះ។
លោកអភិបាលក្រុងបានបន្តថា÷ការចុះត្រួតពិនិត្យលើទីតាំងក្លឹបកម្សាន្តឬខារ៉ាអូខេនេះនឹងបន្តអនុវត្តរហូតដល់ស្ថានភាពជំងឺកូវីដ១៩បានធូរស្រាល។ដោយលោកព្រមានថាចំពោះម្ចាស់ទីតាំងណាដែលមន្ត្រីជំនាញធ្លាប់បានណែនាំអប់រំនិងព្រមានម្តងរួចហើយនៅតែល្មើសជាលើកទី២ដោយមិនស្តាប់តាមវិធានការនិងត្រូវឃាត់ខ្លួនម្ចាស់ទីតាំងនោះថតបង្ហោះផ្សាយជាសាធារណ:ហើយក្នុងករណីរកឃើញល្មើសលើកទី៣ទៀតម្ចាស់អាជីវកម្មនោះនិងត្រូវទទួលការព្រមានចាត់ការតាមផ្លូវច្បាប់ជាក់ជាមិនខាន៕សៅ សារិទ្ធ





































