ជិះម៉ូតូលឿនដល់ផ្លូវកោងមិនបន្ថយល្បឿន បុកខឿនបោកនិងបង្គោលភ្លើងបាក់កស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចផ្លូវកោង មិនបានបន្ថយល្បឿនក៏ជ្រុលទៅបុកនិងខឿនមុខផ្ទះវីឡាមួយហើយជនរងគ្រោះនឹងម៉ូតូហោះបោកផ្ទប់និងបង្គោលភ្លើងបណ្តាលឲ្យបោកក្បាលបាក់ស្លាប់ភ្លាមមួយរំពេច នៅនិងកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៦និង ១០នាទីល្ងាចថ្ងៃទី ១៦ មីនា ២០២១ នៅលើកំណាត់ផ្លូវបេតុង ១៩៥០ ស្ថិតក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ នួន សុផល អាយុ២៨ឆ្នាំ មានស្រុកកំណើត ភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ត្រាចខេត្តកំពត។

ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរី ០១៧ ភ្នំពេញ 1GD.4728 ធ្វើដំណើរម្នាក់ឯង។

មុនពេលកើតតាមសាក្សីដែលឃើញហេតុការណ៍ បានបញ្ជាក់ឲដឹងថា មុនដំបូងគេឃើញ ជនរងគ្រោះជិះម៉ូតូខាងលើម្នាក់តែឯង តាមបណ្តោយផ្លូវ១៩៥០ ក្នុងទិសដៅពីកើតទៅលិច ល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុជាចំណុចផ្លូវកោង២តង់ បណ្តាលឲជនរងគ្រោះគ្រប់គ្រងលំនឹង ម៉ូតូលែងបាន ជ្រុលទៅបុកខឿន ហោះឡើងបុកបង្គោលភ្លើងបាក់កស្លាប់ភ្លាមមួយរំពេចតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ពិនិត្យនិងរៀបចំឯកសារកំណត់ហេតុសព រួចហើយរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌ វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីឲបងប្អូនយកឯកសារពាក់ព័ន្ធមកយកម៉ូតូត្រឡប់ទៅវិញ