ខេត្តឧត្តមានជ័យ៖ ដោយ ចាន់ ធី យោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានយកចិត្តទុកដាក់ពីសុខភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ និងជម្រុញឲ្យប្រើច្បាប់ថ្មីជាបន្ទាន់ ស្តីពីអនុក្រឹត្យ វិធានការសុខាភិបាល ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវិដ១៩ នូវវិធានការពាក់ម៉ាស់ រក្សាគន្លាតសុវត្តិភាព និងកាត់បន្ថយការជួបជុំ។
ក្រោយពីប្រទេសកម្ពុជា ទទួលរងផលប៉ះពាល់ នៃការឆ្លងរីករាលដាលមេរោគកូវិដ១៩ រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល មានការព្រួយបារម្ភណ៍ចំពោះអាយុជីវិតរបស់ កងកម្លាំង មន្រ្តីរាជការ មន្រ្តីជួរមុខ និងបងប្អូនប្រជាពលរដ្ឋ បានប្រជុំឯកភាពពីថ្នាក់ដឹកនាំកំពូល រដ្ឋសភា ព្រឹទ្ទសភា និងស្ថាប័នច្បាប់ រួមទាំងសុខាភិបាល សម្រេចបង្កើតច្បាប់ថ្មី ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាល មេរោគកូវិដ១៩ និងបានប្រកាសឲ្យប្រើប្រាស់ជាបន្ទាន់ទាំង៣៥មាត្រា ដែលមានការពិន័យ ទោសទណ្ទតាមកំរិតបទល្មើសនានា ដូចជាតម្រូវឲ្យពាក់ម៉ាស់ រក្សាគន្លាតសុវត្តិភាព ហាមចម្លងមេរោគទៅអ្នកដ៏ទៃ ធ្វើចត្តាឡឺស័ក ១៤ ថ្ងៃ ក្នុងករណីមានការសង្ស័យពាក់ព័ន្ឋកូវិដ១៩ជាដើម។
ក្នុងនោះសម្តេចបានឲ្យអាជ្ញាធរ រាជធានី ខេត្ត ត្រៀមលក្ខណៈឲ្យរួចជាស្រេច ដើម្បីរៀបចំឲ្យមានទីតាំង សម្រាប់បូជាសព សម្រាប់អ្នកដែលបាន ស្លាប់ដោយសារមេរោគកូវិដ១៩ ឲ្យមានសុវត្តិភាព និងហាមដាច់ ខាតមិនឲ្យសាច់ញាតិ បងប្អូនសព នាំយកសពទៅធ្វើបុណ្យនៅតាមផ្ទះនោះឡើយ ព្រោះជាមេរោគដ៏កាចសាហាវ អាចចម្លងដល់អ្នកដ៏ទៃបាន បើមានការធ្វេសប្រហែស។
ជាក់ស្តែង លោក គឹម គាវិន ប្រធានមន្ទីរដែនដីនគរូបបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការងារ ដោយមានការចូលរួម លោកអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អភិបាលរងក្រុងសំរោង លោកនាយកផ្នែករដ្ឋបាលព្រៃឈើក្រុងសំរោង មន្ត្រីការិយាល័យគាំពារបរិស្ថាន មន្រ្តីភូមិបាលក្រុង សមាជិកក្រុមប្រឹក្សាសង្កាត់កូនក្រៀល បានចូលរួមចុះពិនិត្យទីតាំងដីគ្រោងសម្រាប់រៀបចំកន្លែងបញ្ចុះ និងបូជាសព អ្នកមរណៈភាពដោយសារជំងឺកូវីដ-១៩ ថ្ងៃ១៦ ខែមីនា ឆ្នាំ២០២១ ។