ពលករប្រុសស្រីជាង១០នាក់ដែលបានចេញពីប្រទេសថៃតាមច្រករបៀងត្រូវសមត្ថកិច្ចនាំខ្លួនទៅដាក់ឲ្យធ្វើចត្តាឡីស័ករួចរាល់ហើយ

ខេត្តបាត់ដំបង÷ពលករប្រុសស្រីជាង១០នាក់ដែលបានចូលតាមច្រករបៀងបំរុងនាំគ្នាគេចវេះពីធ្វើចត្តាឡីស័កត្រូវបានមសមត្ថកិច្ចប្រចាំគោលដៅតំបន់ព្រំដែនបាននាំខ្លួនទៅដាក់ឲ្យធ្វើចត្តាឡីស័កតាមការកំណត់១៤ថ្ងៃ។

សមត្ថកិច្ចប្រចាំគោលដៅបានប្រាប់ឲ្យដឹងថា÷ដោយសារការអនុវត្តពង្រឹងសុវត្ថិភាពការរីករាលដាលជំងឺកូវីដ១៩របស់ក្រសួងសុខាភិបាលក៏ដូចជាសេចក្តីណែនាំពីរាជរដ្ឋាភិបាលកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧កម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩សហការជាមួយកម្លាំងយោធាវរសេនាតូច៥៣៣រួមជាមួយកម្លាំងចម្រុះជាច្រើនទៀតស្របតាមការជំរុញពីលោកស្នងការខេត្តផងនៅពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២១កន្លងមកថ្មីៗនេះកម្លាំងបានចុះស្ទាក់និងនាំខ្លួនប្រជាពលរដ្ឋជាពលករខ្មែរប្រុសស្រីនិងក្មេងសរុបចំនួន១៤នាក់ដែលវិលត្រឡប់មក​ពីប្រទេសថៃវិញដោយឆ្លងដែនតាមផ្លូវកាត់ច្រករបៀងបំរុងនាំគ្នាគេចវេះមិនចូលធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល។

ប្រភពខាងលើបន្តថា:ប្រជាពលករទាំង១៤នាក់ខាងលើមានបុរសពេញវ័យចំនួន៧នាក់ស្រ្តីចំនួន៤នាក់​រួមទាំងក្មេងប្រុសស្រីចំនួន៣នាក់ផងដែរដែលអ្នកទាំងអស់គ្នាបានឆ្លងដែនចេញពីប្រទេសថៃហើយចូលមកទឹកដីប្រទេសកំណើតកាត់តាមចំណុចភូមិរស្មី​ឃុំជ្រៃសីមា​ស្រុកសំពៅលូនខេត្តបាត់ដំបង។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា:ចំពោះពលករទាំងអស់ខាងលើនេះបន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានសាកសួរធ្វើកំណត់ហេតុរួចណែនាំអប់រំនិងឲ្យផ្តឹតមេដៃសន្យាឈប់ប្រព្រឹត្តហើយប្រគល់ទៅឲ្យក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កដើម្បីអនុវត្តតាមវិធានសុខាភិបាលនៅអនុវិទ្យាល័យកូនភ្នំ៣២ក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង៕សៅ សារិទ្ធ