ប្លន់សម្លាប់បុរសម្នាក់បោះចោលក្នុងដីឡូត៍នៅខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនជនដៃដល់២នាក់បានហើយ នៅខេត្តតាកែវ

ភ្នំពេញ ៖ សំណុំរឿងប្លន់សម្លាប់បុរសម្នាក់ នៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ ភូមិតាព្រហ្ម ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឈានដល់ការបង្ក្រាបបានជនដៃដល់២នាក់ រហូតដល់ក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តតាកែវ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងស្នងការដ្ឋាននគរបាលខេត្តតាកែវ។

សមត្ថកិច្ចបានអះអាងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ខ្លួនជនដៃដល់ចំនួន២នាក់ ឈ្មោះ ម៉ៅ រដ្ឋា ហៅជិប និងឈ្មោះ ម៉េង ណាឃីម។ ក្នុងនោះដកហូតបានទូរស័ព្ទម៉ាក OPPO (របស់ជនរងគ្រោះ) និងម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខត្បូងឃ្មុំ1H-1406 (របស់ជនរងគ្រោះ)។

បើតាមចម្លើយពីជនសង្ស័យទាំង០២នាក់ ខាងលើបានសារភាពថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ពួកគេពិតជាបានធ្វើសកម្មភាពប្លន់ចាក់សម្លាប់ ទៅលើជនរងគ្រោះឈ្មោះ សោ សៅពិសិដ្ឋ ហើយបានយកទៅបោះចោលនៅក្នុងដីឡូត៍មួយកន្លែង រួចយកម៉ូតូ ខ្សែករមាស ជញ្ជៀន ខ្សែដៃមាស និងទូរស័ព្ទ ពិតប្រាកដមែន។ ក្រោយពីធ្វើសកម្មភាពរួច ពួកគេបានចែកសម្ភារៈគ្នា ដោយឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប យកជិញ្ជៀនមាស និងខ្សែករ ចំណែកឈ្មោះ ម៉េង ណាឃីម យកម៉ូតូ ទូរស័ព្ទដៃ និងខ្សែដៃ រួចនាំគ្នាគេចខ្លួនទៅស្រុកគិរីវង់ ខេត្តតាកែវតែម្តង។

បច្ចុប្បន្ននេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរ និងរៀបចំប្រគល់ជនសង្ស័យទាំង២នាក់ និងវត្ថុតាងឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕