សៀមរាប៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ អង្គការសុវណ្ណភូមិវង្សភ័ក្តបូរី បាននាំយកអំណោយទៅចែកជូនដល់កងទ័ពពិការ នៅកងពលតូចអន្តរាគមន៍លេខ៨ ដែលឈរជើងការពារតំបន់ក្បាលភ្នំដងរែក ជុំវិញប្រាសាទព្រះវិហារ។ នៅក្នុងកម្មវិធីនេះ មានការចូលរួមដោយ លោក វង្ស ភ័ក្ត ភូម្មារិន្ទ អគ្គនាយកអង្គការសុវណ្ណភូមិវង្សភ័ក្តបូរី លោកវរសេនីយ៍ឯក សៀ រឿន មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងមេបញ្ជាការរង និងពលទាហានជាច្រើនរូបទៀត។
បន្ទាប់ពីបានស្តាប់នូវមតិស្វាគមន៍របស់លោកវរសេនីយ៍ឯក សៀ រឿន មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៨ ប្រចាំតំបន់ក្បាលភ្នំដងរែកជុំវិញប្រាសាទព្រះវិហាររួចមក លោកអគ្គនាយកសមាគមអង្គការសុវណ្ណភូមិវង្សភ័ក្តបូរី បានមានមតិសំណេះសំណាលជាមួយកងទ័ព និងគ្រួសារកងទ័ពដោយភាពស្និតស្នាល និងរាក់ទាក់ជាទីបំផុត។
លោកបានលើកឡើងថា ជានិច្ចជាកាលខ្ញុំតែងតែលះបង់នូវសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសគឺការពារជាតិ និងប្រជាជនកុំឲ្យជនបរទេសមានការឈ្លានពានទឹកដី ក៏ដូចជាការបំផ្លាញសេចក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋនៅតាមព្រំដែន ដែលសម្តេចតេជោតែងតែលើកឡើងថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់រាជរដ្ឋាភិបាលដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាការពារ។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងអំពីប្រវត្តិសាស្រ្តខ្មែរតាំងពីយូរលង់ណាស់មកហើយ ដើម្បីឲ្យយុទ្ធជនទាំងអស់បានជ្រាប ជាពិសេសកូនខ្មែរជំនាន់ក្រោយបានយល់ដឹងអំពីប្រវត្តិសាស្រ្ត ដើម្បីរួមគ្នាកសាង និងការពារមាតុប្រទេសនៃយើងឲ្យបានគង់វង្ស និងយូរអង្វែងតរៀងទៅ។
លោកក៏បានសំណូមពរដល់អង្គពិធីទាំងមូលធ្វើយ៉ាងណាឲ្យយល់អំពីប្រវត្តិសាស្រ្ត និងការរួមសាមគ្គីគ្នាឲ្យបានខ្លាំងក្លា ជាមួយកងទ័ព និងប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយ ក្នុងការរួមចំណែកកសាងការពារទឹកដីជាមួយរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា។
ជាទីបញ្ចប់ លោកក៏បានចែកអំណោយដល់កងទ័ព និងគ្រួសារកងទ័ពពលីពិការ ចំនួន ១០០នាក់ ដែលម្នាក់ៗទទួលបាន អង្ករ មុង ភ័យ សារុង ចាន ស្លាបព្រា បោយទឹក និងប្រាក់ឧបត្ថម្ភក្នុងមួយនាក់ ៥ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភទៅដល់កងពលតូចអន្តរាគមន៍លេខ៨ ចំនួន ២លានរៀល ក្រម៉ា ៤៥ក្រម៉ា ដើម្បីឲ្យមេបញ្ជាការកងពលលេខ៨ចាត់ចែងចែកចាយដល់នាយទាហាន និងពលទាយហានដែលឈរជើងនៅទីនោះផងដែរ៕