ត្បូងឃ្មុំ : ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ បានក្រើនរំលឹកដល់មន្ត្រីរាជការចំណុះឲ្យរដ្ឋបាលខេត្តត្បូងឃ្មុំទាំងអស់ បន្ទាប់ពីចុះអប់រំណែនាំបញ្ជ្រាបដល់ពលរដ្ឋពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងច្បាប់ដែលទើបដាក់ឲ្យអនុវត្តន៍ថ្មី ពាក់ព័ន្ធនឹងទោសទណ្ឌ និងការផាកពិន័យនោះ តែកុំភ្លេចត្រូវចូលរួមអនុវត្តន៍ខ្លួនឯងផ្ទាល់ជាចម្បងមុនគេ ទាំងអនាម័យរស់នៅ ការរក្សាគម្លាត ការអនុវត្ត៣កុំ ៣ការពារ ជាពិសេសការជួបជុំនានា និងការធ្វើដំណើរចល័តទីតាំង រៀងរាល់ថ្ងៃសម្រាកចុងសប្តាហ៍ផងដែរ ។ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រោម វត្តមាន ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ។
ថ្លែង ក្នុង កិច្ច ប្រជុំ នេះ ដែរ ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ
បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ឲ្យ បន្តសហការកំណត់អត្តសញ្ញាណអ្នកចំនូលស្រុកដែលមកពីតំបន់ហានិភ័យ ពិសេសពលករដែលសម្រុកចេញមកពីប្រទេសថៃតាមបណ្តាខេត្តនានា ដែលមានច្រកជាប់ព្រំដែន ដើម្បីមកលេងស្រុកកំណើត នៅខេត្តត្បូងឃ្មុំ ក្នុងឳកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ត្រូវមកស្នាក់នៅចត្តាឡីស័កតាមមណ្ឌលដែលរដ្ឋបាលខេត្តបានរៀបចំទុក ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
គួរ បញ្ជាក់ ថា គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ក្នុងខេត្តត្បូងឃ្មុំ ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក សរុបមានចំនួន៦៤១នាក់ ដោយឡែកពលរដ្ឋដែលអនុញ្ញាតឲ្យទៅគេហដ្ឋានវិញ ក្រោយធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ មានចំនួន៦៣នាក់ ចំណែក៥៧៨នាក់ទៀតកំពុងតាមដានសុខភាព និងធ្វេីចត្តាឡីស័កបន្ត ដែលភាគច្រើនសុទ្ធសឹងជាពលករដែលមកពីតាមតំបន់ព្រំដែនប្រទេសថៃ ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំឲ្យមានក្រុមការងារទៅទទួលដល់តាមបណ្តាខេត្តនានា ៕