កំពង់ចាម: ដោយឆ្លើយតបទៅតាមសំណូមពរបស់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស ដែលបានស្នើសុំមកឯកឧត្តមអភិបាលខេត្តកំពង់ចាម លើការងារស្តារ និងជួសជុលច្រាំងទន្លេមេគង្គ បន្ទាប់ពីរងការបាក់ស្រុតកាលពីឆ្នាំកន្លងទៅ បណ្ដាលឲ្យរងផលផលប៉ះពាល់ដល់លំនៅឋាន និងចំការដំណាំរបស់បងប្អូនប្រជាជនជាច្រើនហិកតា។
ដើម្បីពន្លឿនដល់ការងារខាងលើឲ្យមានប្រសិទ្ធិភាព និងដើម្បីបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារស្តារ និងជួសជុលច្រាំងទន្លេ ដែលរងការបាក់ស្រុត តាមសំណើរបស់ប្រជាពលរដ្ឋនៅឃុំកោះអណ្តែត
និងឃុំឬស្សីស្រុក នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយអាជ្ញាធរ បានសហការជាមួយដៃគូក្រុមហ៊ុនឯកជនមួយ នឹងធ្វើការបូមយកខ្សាច់ និងដីពីតំបន់កោះតូច ដោយក្រុមហ៊ុនត្រូវអនុវត្តទៅតាមគម្រោងផែនការកន្លងមកដែលខាងក្រុមហ៊ុនទទួលការស្ថាបនា ក្នុងការទប់ស្កាត់ការបាក់ច្រាំងទន្លេនេះ គឺប្រើប្រាស់បាវខ្នាតយក្សឈ្មោះ GEO-TEXTILE សម្រាប់ច្រកដី និងខ្សាច់ដូចវិធានការខាងក្រសួងធនធានទឹក និងឧតុនិយម ដែលបានស្ថានាជាច្រើនកន្លែងនាពេលកន្លងមក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងអំពីសារសំខាន់ នៃការបូមយកដី និងខ្សាច់ ពីតំបន់កោះតូចនេះ គឺដើម្បីជួយទប់ស្កាត់ ការបាក់ច្រាំងទន្លេ ដែលបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលដំណាំនិងភូមិកររបស់ប្រជាពលរដ្ឋដែលរស់នៅតាម
បណ្ដោយដងទន្លេខាងលើនេះ និងដើម្បីចាក់បំពេញដីតំបន់អភិវឌ្ឍនានា និងជាពិសេសដើម្បីសម្រួលដល់ចរាចរណ៍ផ្លូវទឹកទន្លេមេគង្គកកុំឱ្យស្ទះ ដែលនាំឲ្យមានការបាក់ស្រុតច្រាំងទន្លេជាបន្តទៀត៕




































