រថយន្តឃ្លុបម៉ាកហ៊ីយ៉ាន់ដាយបុករថយន្តស្ទួចឆ្លងផ្លូវចំពេញទំហឹង បណ្ដាលឲ្យកៀបជាប់គ្នារងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តឃ្លុបម៉ាកហ៊ីយ៉ាន់ដាយបើកលឿនចាប់ហ្វ្រាំងមិនស៊ីជ្រុលបុករថយន្តស្ទួចឆ្លងផ្លូវចំពេញទំហឹង បណ្ដាលឲ្យកៀបជាប់គ្នារងការខូចខាតយ៉ាងដំណំ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅបណ្ដោយផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស្ទូចមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2376 ធ្វើដំណើរចេញពីមជ្ឈមណ្ឌលមង្គលឧត្តមមួយកន្លែង ក្នុងទិសដៅពីលិចទៅកើតឆ្លងផ្លូវ៣៧១ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តឃ្លុបម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7325 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ចាប់ប្រាំងមិនស៊ីក៏ជ្រុលទៅបុករថយន្តស្ទូច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2376 ដែលឆ្លងផ្លូវចេញពីមជ្ឈមណ្ឌលមង្គលឧត្តមចំពេញទំហឹង បណ្ដាលឲ្យរថយន្ដឃ្លុបម៉ាកហ៊ីយ៉ាន់ដាយកៀបជាប់គ្នារងការខូចខាតយ៉ាងដំណំផ្នែកខាងមុខ ចំណែកឯរថយន្តស្ទូចវិញរងការខូចខាតពីចំហៀងខាងឆ្វេងបន្តិចបន្តួចប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការបាញ់ថ្នាំវាស់វែងយករថយន្តទាំងពីរគ្រឿងមកដាក់អែបកៀនខាងសិន ហើយឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា។ ដោយភាគីទាំងសងខាងសម្របសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចមូលដ្ឋាន ក៏ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕