ស្ពានវត្តគរ អាចប្រឈមនឹងភាពអន្តរាយ ប្រសិនបើអង្គភាពជំនាញបណ្តែតបណ្តោយយូរពេក

0

ខេត្តបាត់ដំបង ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ  គេសង្គេតឃើញថា  ក្បាលស្ពានវត្តគរត្រើយខាងកើត  មានការបាក់ស្រុតកាន់តែធ្ងន់ធ្ងរទៅៗ  ដែលស្ទើរតែអ្នកធ្វើដំណើរទាំងឡាយមានការព្រួយបារម្ភយ៉ាងខ្លាំង  នៅពេល

ដែលពួកគេមកដល់ត្រង់កន្លែងនេះ  ព្រោះមិនត្រឹមតែបាក់ដីដល់ខឿនក្បាលស្ពានប៉ុណ្ណោះទេ  វាថែមទាំងបាន
បាក់លុងដល់សាច់ថ្នល់ថែមទៀតផង  ដែលបញ្ហានេះអាចប្រឈមនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត  ប្រសិនបើ
អង្គភាពជំនាញ  នៅតែបន្តអូសពេល  និងមិនសូវយកចិត្តទុកដាក់អោយបានហ្មត់ចត់ ។

គួរបញ្ជាក់ថា  ស្ពានវត្តគរគឺបានសាងសង់ឡើងដោយមូលនិធិ  របស់រាជរដ្ឋាភិបាល  ដែលមានទីតាំងស្ថិត
នៅលើកំណាត់ផ្លូវជាតិលេខ ៥៧  ឆ្លងកាត់ស្ទឹងសង្កែ  ក្នុងភូមិសាស្ត្រភូមិវត្តតាមិម  ឃុំអូរដំបង១  ស្រុកសង្កែ
ខេត្តបាត់ដំបង  តភ្ជាប់ពីខេត្តបាត់ដំបង  ឆ្ពោះទៅកាន់ខេត្តប៉ៃលិន ។

លុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ  គេសង្គេតឃើញថា  ក្បាលស្ពានប៉ែកត្រើយខាងកើតស្ទឹង  មានការបាក់ស្រុត
យ៉ាងខ្លាំង  ដោយលូតមកដល់ខឿនក្បាលស្ពាន  និងសាច់ថ្នល់ផងដែរ  ដែលបញ្ហានេះ  បានបង្កអោយមានការគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់  ប៉ុន្តែសម្រាប់អង្គភាពជំនាញហាក់ដូចជាមិនសូវចាប់អារម្មណ៍ប៉ុន្មាននោះឡើយ  ទំនងជាមានការដោះដូរប្រធានញឹកញាប់ពេកក៏មិនដឹង  ព្រោះការបាក់ស្រុតនេះ  បានឆ្លងកាត់ប្រធាន
ចំនួន ៣ ជំនាន់មកហើយ ។

ប្រភពជាច្រើនបានរិះគន់យ៉ាងចាស់ដៃ  ទៅលើមន្ត្រីជំនាញ  ដែលកាន់កាប់មុននាទីនេះ  ដោយគេបានចំណាយ
លុយឥតប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់  ក្នុងការយកទៅប្រើប្រាស់ខុសទិសដៅ លើបញ្ហានេះ  ដោយគេបានយកលួសសំណញ់មករុំព័ទ្ធជាមួយដុំថ្មធំៗ  ដាក់តម្រៀបគ្នាជាជួរហោយអះអាងថា  ដីដែលបាក់មិនអាចរុញឈ្នះថ្មដែលគេតម្រៀបនោះឡើយ  ប៉ុន្តែទីបំផុតការធ្វើរបៀបនេះបានប៉ើងទៅក្នុងស្ទឹងទាំងអស់  បើទោះបីជាគេខំប្រឹងព្យាយាមម្តងហើយ  ម្តងទៀតយ៉ាងណាក៏ដោយ  គឺមិនខុសអីពីយកលុយទោជះចោលនៅក្នុងទឹកស្ទឹងយ៉ាងដូច្នេះដែរ ។

លោក ព្រួញ រិទ្ធថា  ប្រធានមន្ទីរសាធារណការ  និងដឹកជញ្ជូនទើបឡើងកាន់តំណែងថ្មី  បានលើកឡើងថា
ដោយសារតែឆ្នាំនេះ  ប្រាក់គម្រោងត្រូវបានលោកប្រធានមុនៗ  សុីញ៉េយកមកប្រើប្រាស់អស់ហើយ  ដូច្នេះ
ពេលដែលលោកមកកាន់តំណែង  គឺមានតែការស្នើសុំទៅលើគម្រោងថ្មីតែប៉ុណ្ណោះ  ដើម្បីសុំទៅក្រសួងយកថវិកាមកប្រើប្រាស់ទៅលើចំណុចខាងលើនេះ  ព្រោះថវិកាតូចតាច  គឺមិនអាចយកមកប្រើប្រាស់គ្រប់គ្រាន់ឡើយ  ហើយលោកក៏បានស្នើសុំអោយខាងជំនាញវិស្វករចុះមកសិក្សារួចហើយដែរ  ដើម្បីរិះរកវិធីនៃការជួសជុលអោយមានប្រសិទ្ធិភាព  ប៉ុន្តែនៅពេលនេះ  បើវាមានការបាក់ស្រុតតទៅមុខ  ក៏តាមដំណើរសិនទៅ
គឺលោកគ្រាន់តែអោយរថយន្តដឹកដីមកចាក់បំពេញជង្ហុកបណ្តោះអាសន្នសិនតែប៉ុណ្ណោះ ៕ សោ និយមរដ្ឋ