ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាពស្ពានដែកបាឡេទ្រុឌទ្រោម ស្ថិតនៅក្នុងភូមិអណ្តូងជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ

0

កំពត៖ រសៀល ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យស្ថានភាពស្ពានដែកបាឡេដែលមានសភាពទ្រុឌទ្រោម ត្រូវជួសជុលបន្ទាន់ ស្ថិតនៅក្នុងភូមិអណ្តូងជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ដោយមានការអមដំណើរពី ឯកឧត្តម អភិបាលរងខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលស្រុកទឹកឈូ មេឃុំ និងមន្ត្រីជំនាញ។

គូរបញ្ជាក់ថា ស្ពានដែកបាឡេនេះ(ស្ពានចិន) មានបណ្តោយ៤២ម៉ែត្រ ទទឹង ៧ម៉ែត្រ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០០៧ ដោយក្រុមហ៊ុនម៉ៅការសាង់សាងវារីអគ្គិសនី តភ្ជាប់ឃុំម៉ាក់ប្រាង្គ និងឃុំកំពង់គ្រែង សម្រាប់បម្រើការងារដឹកជញ្ជូនសាងសង់ទំនប់វារីអគ្គិសនីកំចាយ និងសម្រាប់ការចរាចររបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ ក្រោយការងារសាងសង់វារីអគ្គិសនីចប់ បានប្រគល់ឲ្យអាជ្ញាធរ ជាអ្នកគ្រប់គ្រង ជួសជុល ថែទាំ ប្រើប្រាស់ជាសាធារណៈ។

ស្របជាមួយនឹងការចុះពិនិត្យស្ពាននេះ ឃើញថាមានសភាពទ្រុឌទ្រោមខ្លាំង ឯកឧត្តម ជាវ តាយ បានឲ្យមន្ទីរជំនាញ និងរដ្ឋបាលស្រុកទឹកឈូ សិក្សាជាបន្ទាន់ឲ្យសមស្របតាមបទដ្ឋានបច្ចេកទេស ដោយផ្តោតសំខាន់ទៅលើគ្រឿងបង្គុំស្ពានផ្នែកខាងលើ ដែលជាចំណុចសំខាន់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ទៅស្រែចំការ ក៏ដូចជាការដឹកជញ្ជូនកសិផល និង រថយន្តដឹកជញ្ជូន ប្រភេទធំនិងតូចផ្សេងៗយ៉ាងច្រើនទៀតជារៀងរាល់ថ្ងៃផងដែរ៕ដោយ -រ៉ាវុធ