ខេត្តបាត់ដំបង÷ការអំពាវនាវរបស់អាជ្ញាធរក្រុងបាត់ដំបងនារសៀលថ្ងៃទី១៩ខែមីនានេះស្របពេលដែលប្រជាពលរដ្ឋប្រុស្រីចំនួន០៣នាក់បានធ្វើដំណើរមកពីខេត្តព្រះសីហនុចូលមកក្នុងភូមិសាស្ត្រខេត្តបាត់ដំបងកាលពីយប់ម៉ោងជាង១០:០០នាទីថ្ងៃទី១៨ខែមីនាឆ្នាំ២០២១ខណ:ដែលភាគីម្ចាស់រថយន្តតាក់ស៊ីត្រូវបានសមត្ថកិច្ចជាមួយអាជ្ញាធរបានរកឃើញ១នាក់ហើយរួចបាននាំខ្លួនចូលទៅពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត១ដំណាក់ហ្លួងក្រុងបាត់ដំបងរួចរាល់ហើយ។
លោកផេង.សិទ្ធីអភិបាលក្រុងបានឲ្យដឹងថា÷កាលពីយប់ថ្ងៃទី១៨ខែមីនាកន្លងមកម្ចាស់រថយន្តតាក់ស៊ីខាងលើបានដឹកអ្នកដំណើរចំនួន៣នាក់ចូលមកទឹកដីខេត្តបាត់ដំបងដោយនៅយប់នោះរថយន្តតាក់ស៊ីបានដាក់ភ្ញៀវស្ត្រី១នាក់ចុះកន្លែងទី១នៅចំណុចរង្វង់មូលលោកតាដំបងក្រញូងចំណែកអ្នករួមដំណើរប្រុសស្រី២នាក់ទៀតដែលមានអាយុប្រមាណជា១៩ទៅ២០ឆ្នាំទៅដាក់ចុះនៅកន្លែងទី២ត្រង់ចំណុចរង្វង់មូលនាងរំសាយសក់។
មានករណីនេះហើយទើបអាជ្ញាធរក្រុងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំង៣នាក់សូមចូលរួមសហការល្អជាមួយអាជ្ញាធរដើម្បីចូលខ្លួនពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ដើម្បីចូលរួមការពារអាយុជីវិតយើងទាំងអស់គ្នាកុំឲ្យឆ្លងរីករាលដាលដល់ក្នុងសហគមន៍។

ពាក់ព័ន្ធនិងករណីខាងលើលោកផេង.សិទ្ធីអភិបាលក្រុងក៏បានសំណូមពរដល់បណ្តាអង្គភាពសមត្ថកិច្ចអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តការស្រាវជ្រាវឲ្យបានឆាប់រហ័សពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗក្នុងករណីសង្ស័យមានអ្នកចំណូលថ្មីនៅតាមខ្នងផ្ទះសូមផ្តល់ព័ត៌មានមកដល់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ដើម្បីអញ្ជើញពួកគាត់មកពិនិត្យសុខភាពធ្វើចត្តាឡីស័កទៅតាមការកំណត់របស់ក្រសួងសុខាភិបាល៕សៅ សារិទ្ធ




































