ត្បូងឃ្មុំ: ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមនឹងអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កាលពីព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១នេះ បាននាំយកថវិកា ចំនួន៥លានរៀល អង្ករ៤០បេ មី២០កេសធំ ម៉ាស១កេសធំ និងទឹកសុទ្ធ១០០កេស ឧបត្ថម្ភជូនកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្ត ក្នុងការខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រក្សាបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ពិសេសជាកម្លាំងយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ (COVID-19)នៅក្នុងខេត្តត្បូងឃ្មុំ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថាចំពោះអំណោយដែលផ្តល់ជូននាថ្ងៃនេះ សម្រាប់ប្រើប្រាស់ទ្រទ្រង់ជីវភាពកងកម្លាំង បម្រើកិច្ចការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ (COVID-19) ដែលកំពុងបង្កហានិភ័យដោយគំរាមកំហែងមកលើសុខភាព និងអាយុជីវិតប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន ។
ជាមួយគ្នានោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានណែនាំក្រើនរំលឹកដល់ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្តត្បូងឃ្មុំ ឲ្យចុះពិនិត្យ វាយតម្លៃ តាមអធិការ និងតាមបណ្តាប៉ុស្តិ៍ទាំងអស់ ដើម្បីទទួលបានព័ត៍មានច្បាស់លាស់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ។ ជាពិសេសត្រូវបន្តអនុវត្ត ៣ការពារ ៣កុំ ទោះចាក់វ៉ាក់សាំងហើយក្តី ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងបន្តជំងឺកូវីដ១៩។ ចំពោះមន្ត្រីដែលឈរជើងតាមព្រំដែន បន្តពង្រឹងការងារឲ្យមានប្រសិទ្ធភាពបំផុត រាល់ទំនិញចេញចូល និងការធ្វើដំណើរឆ្លងកាត់ទៅមក ត្រូវអនុវត្តទៅតាមវិធានសុខាភិបាល ពិសេសហាមដាច់ខាតមេខ្យល់ដែលនាំពលករចេញចូល បើមានមន្ត្រីទទួលសំណូក ត្រូវទទួលទោសតាមផ្លូវច្បាប់ ៕