បុរសម្នាក់ ស្នាក់នៅផ្ទះសំណាក់ គឹម សួគ៌ សង្កាត់ផ្សារថ្មីទី២ បានឆ្លង ជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យ បានបន្តចុះយកអ្នកជំងឺកូវីដ-១៩ ម្នាក់ ភេទប្រុស ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ នេះបើយោងតាម រដ្ឋបាលខណ្ឌដូនពេញ។

សូមបញ្ជាក់ថា អ្នកជំងឺ ម្នាក់នេះ ស្នាក់នៅផ្ទះសំណាក់ គឹម សួគ៌ ដោយពេលនេះ អាជ្ញាធរបានបិទផ្ទះសំណាក់ បណ្តោះអាសន្ន ដើម្បីអោយក្រុមគ្រួពេទ្យ បន្តយកសំណាកអ្នកប៉ះពាល់ផ្សេងៗទៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៥៤នាក់ និងមានករណីជាសះស្បើយថ្មី ១៨នាក់ផងដែរ៕