យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២០ខែមីនាឆ្នាំ២០២១ ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ ខេត្តសៀមរាប បានរកឃើញវិជ្ជមានកូវីដ១៩ បុគ្គលទី២ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ទៅលើលោក ម៉ាប់ វុន អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានប្រកបមុខរបរជាកម្មករបើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបានវិលត្រឡប់មកខេត្តសៀមរាប កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទចរាចរចេញ-ចូល សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីវេលាម៉ោង ១៩:០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះតទៅ។ និងបានផ្អាកទីតាំងចំនួន៤កន្លែងនៅក្នុងក្រុងសៀមរាប ក្នុងនោះមាន គ្លីនិច៧៧៧ និងគ្លីនិកសុខភាព ស្ថិតនៅសង្កាត់ស្វាយដង្គំ និងបន្ទប់ពិគ្រោះជំងឺ ២កន្លែងនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប។ហើយសម្រាប់ បងប្អូនដែលបានជួបប្រាស្រ័យទាក់ទងនឹងបុគ្គលដូចបានជម្រាបជូនខាងលើ ឬមានករណីសង្ស័យ ឬបានធ្វើដំណើរទៅកាន់ទីកន្លែងមួយចំនួន៤ខាងលើរួមមាន៖ពេទ្យ ចាវ ចាន់ នៅផ្សារភូមិភាគ៤ (ចាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១) ពេទ្យ ទូច កូ នៅខាងលិចផ្សារដើមក្រឡាញ់ (ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១) ពេទ្យ៧៧៧ នៅផ្លូវជាតិលេខ៦ ខាងលិចស្តុបទន្លេសាប (ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១) និងគ្លីនិកសុខភាព (ចាប់ពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១) សូមរួសរាន់មកយកសំណាក នៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ។
ក្រៅពីផ្អាកជាបណ្តោះអាសន្នការចេញចូលនៅសង្កាត់គោកចក និងទីតាំងចំនួន៤ខាងលើក្រសួងអប់រំក៏បានប្រកាលផ្អាកដំណើរការសាលារៀនទូទាំងប្រទេសផងដែរ។
នៅល្ងាចថ្ងៃទី២០ ក្រុមការងារ បានស្រាវជ្រាវរក អ្នកដែលពាក់ព័ន្ធ និងបុរសវិជ្ជមានកូវិដ១៩ មានចំនួនរហូតដល់១៤៣នាក់ ហើយត្រូវបានយកសំណាកមកធ្វើរតេស្តទាំងយប់នៅមន្ទីរពិសោធន៍ខេត្តសៀមរាប សម្រាប់លទ្ធផលនៃការធ្វើតេស្តជំហានដំបូងអ្នកពាក់ព័ន្ធ និង លោក ម៉ាប់ វុន ចំនួន១៤៣នាក់គឺអវិជ្ជមានទាំងអស់៕