ទីតាំងត្រួតពិនិត្យសុខភាពបឋមថ្មីក្នុងខេត្តសៀមរាប បើកដំណើការហើយខណៈអាជ្ញាធរខេត្ត បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការពិនិត្យសុខភាព មុនធ្វើដំណើរឆ្លងកាត់ទីតាំងត្រួតពិនិត្យសុខភាពបឋមថ្មីទី២ ត្រង់ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានបើកដំណើរការហើយ ខណៈថ្ងៃដំបូងត្រួតពិនិត្យលើអ្នកដំណើរឆ្លងកាត់ប្រមាណ១៥០០នាក់ ទន្ទឹមនឹងអាជ្ញាធរខេត្ត ជំរុញឱ្យប្រជាពលរដ្ឋចូលរួមសហការត្រួតពិនិត្យសុខភាពបន្ថែមទៀតមុនធ្វើដំណើរឆ្លងកាត់។
លោកស្រី ម៉ន់ រង្សី អភិបាលស្រុកក្រឡាញ់ បានឱ្យដឹងថា ការដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋមនេះ គឺដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញ ក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ លោកស្រីបន្តថា សម្រាប់ស្ថានភាពអនុវត្តការងារត្រួតពិនិត្យសុខភាពនៅថ្ងៃដំបូងក្នុងទីតាំងថ្មីនេះគឺមានលក្ខណៈល្អប្រសើរ គ្មានអ្វីឱ្យព្រួយបារម្ភនោះទេ ដោយប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ ហើយបានចូលរួមសហការក្នុងស្មារតីទទួលខុសត្រូវជាមួយអាជ្ញាធរទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩។
គិតត្រឹមម៉ោង៥ល្ងាចនេះ ក្រុមការងារបានត្រួតពិនិត្យអ្នកធ្វើដំណើរឆ្លងមកចូលខេត្តសៀមរាប ចំនួន១៥៥២នាក់ ស្រី៤៣៧នាក់ និងជនជាតិចិនចំនួន០៥នាក់។ លោកស្រីបានបន្ថែមថា ការត្រួតពិនិត្យនេះគឺធ្វើឡើង២៤ក្នុងមួយថ្ងៃ និងអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាអធ្យាស្រ័យ និងចូលរួមសហការជាមួយអាជ្ញាធរខេត្តបន្ថែមទៀត ខណៈអាជ្ញាធរក៏ជំរុញឱ្យក្រុមការងារពន្លឿនការត្រួតពិនិត្យកុំប្រជាពលរដ្ឋ ឬអ្នកដំណើររងចាំយូផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបន្ថែមទីតាំងត្រួតពិនិត្យសុខភាពបឋមទី២ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បន្ថែមលើទីតាំងចាស់ ចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ ដោយការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ប៉ុន្តែមិនមានតម្រូវឱ្យធ្វើចត្តាឡីស័ក លើកលែងតែករណីសង្ស័យ ហើយក្នុងនោះ ក្រុមការងារក៏បានណែនាំដល់ជាពលរដ្ឋ ឱ្យអនុវត្តការវាស់កំដៅខ្លួន និង ការស្កែន QR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូវីដ១៩”ផងដែរ ៕