បង្ក្រាបល្បែងស៊ីសងមួយកន្លែងយីហោ មជ្ឈមណ្ឌលពិភពកំសាន្ត ឃូលរីមិច នៅសង្កាត់ទន្លេបាសាក់

ភ្នំពេញ៖ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែងយីហោ មជ្ឈមណ្ឌលពិភពកំសាន្ត ឃូលរីមិច ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Golden Street ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

សមត្ថកិច្ចបានសម្រេចបិទទីតាំងអាជីវកម្មខាងលើទាំងស្រុង ដោយមនុស្សនៅក្នុងទីតាំងខាងលើ បានប្រគល់ទៅអោយអធិការនគរបាលខណ្ឌចំការមន ដើម្បីអនុវត្តនីតិវិធីបន្ត ចំពោះសម្ភារៈនៅក្នុងរួមមាន ទូរហ្គេមបាញ់ត្រី ចំនួន ១២គ្រឿង និងទូរហ្គេមតុក្កតាមួយចំនួន ហើយទីតាំងខាងលើនេះ ក្រុមការងារចាក់សោរឃ្លុំបេទីតាំង មិនអោយមានមនុស្សចេញចូលនោះទេ។

ដោយទីតាំងខាងលើនេះ ពុំមានលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ និងមិនបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការររីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌចំការមន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពតាមវិធានការ ៣ការពារ និង  ៣កុំ របស់រាជរដ្ឋាភិបាល និងត្រូវអនុវត្តតាមវិធានការសុខាភិបាល ដោយត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូ ជែល កម្ចាត់មេរោគ និងទឹកអាល់កុលជាដើម ដើម្បីចូលរួមទាំងអស់គ្នា ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕