ពលរដ្ឋតវ៉ាថាអត់ផ្លូវដើរ ឯម្ចាស់ដីថាមាន តែមិនអាចទម្លុះរបងយកដីខ្លួនធ្វើផ្លូវបានទេ

បន្ទាយមានជ័យ ៖ជម្លោះទាមទារដីផ្លូវមួយ១កន្លែងនៅត្រង់ជាប់អតីតរណ្តៅដីឬស្រះខាងក្រោយសាលាក្រុងប៉ោយប៉ែត នាភូមិផ្សារកណ្តាលសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត   ភាគីពលរដ្ឋម្ខាងថា  ពួកគេអត់ផ្លូវដើរខាងក្រោយផ្ទះ ។ហើយទាមទារអោយម្ចាស់ដីដែលស្ថិតនៅខាងក្រោយផ្លះរបស់ពួកគេនោះ ត្រូវតែបើកផ្លូវ ។

    ប៉ុន្តែភាគីម្ខាងទៀត ឆ្លើយតបថា ពលរដ្ឋភាគីម្ខាងនោះ មានចេតនាបង្កជម្លោះព្រោះមានផ្លូវនៅខាងមុខផ្ទះរួចទៅហើយ    ហើយនៅខាងក្រោយក៏មានផ្លូវថ្មើរជើងដែរ  ។ ប៉ុន្តែពួកគេលោភលន់បែរជាមកបង្ខំភាគីខ្លួន អោយទម្លុះរបងកាត់ដីខ្លួនធ្វើផ្លូវទៅវិញ។

    ពលរដ្ឋភាគីម្ខាងដែលតវ៉ាមានអ្នកស្រីអួង ទៀង អាយុ៣៥ឆ្នាំ ,អ្នកស្រីឆែ សុជាតិហៅឡូត  ,អ្នកស្រីសាប់ អ៊ានថូ ដែលអះអាងថាតំណាងអោយ៨គ្រួសារបានប្រាប់សារព័ត៌មានថា៖  ដីឡូតិ៍ពួកគាត់មានទទឹង១០ទៅ១៥ម៉ែត្រនិងបណ្តោយ៣០ម៉ែត្រ ហើយបានសាង់សង់ផ្ទះរួចហើយបែរមុខទៅរកផ្លូវដែលមានទទឺង១០ម៉ែត្រ ។

ហើយការចេញ ចូលសំខាន់ក៏ធ្វើដំណើរតាមផ្លូវខាងមុខផ្ទះនោះដែរ ។

    ទោះយ៉ាងណា ពួកអ្នកស្រីដែលបានទាមទារទុកផ្លូវទទឺង៦ ទៅ ៧ ម៉ែត្រខាងក្រោយផ្ទះនោះ  ព្រោះមកពីទីតាំងមាត់អតីតស្រះតូច និងស្រះធំ (ឬរណ្តៅដីដែលក្រុមវិស្វកម្មនៃអ៊ុនតាក់ថៃកាយធ្វើផ្លូវជាតិលេខ៥) នៅចំពីខាងក្រោយផ្លូវបំបែកពីផ្លូវជាតិលេខ៥ ចន្លោះសាលាក្រុងនិងការិយាល័យកសិកម្មក្រុងទៅក្រោយទៅខាងក្រោយ ធ្លាប់មានផ្លូវចេញ ចូល ។ប៉ុន្តែ ពេលលោកអ៊ុំ  សុផល ភាគីម្ខាងទៀត បានទិញដីនិងចាក់ដីនៅប្លុកនោះ  ក៏បានបិទផ្លូវ ។

    ហេតុនេះបានជាពួកគេបានដាក់បណ្តឹងទៅអាជ្ញាធរក្រុង  ហើយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត  រួមដំណើរដោយលោក ហឿន វីរៈ អភិបាលរងក្រុង និងកម្លាំចម្រុះ បានដឹកនាំក្រុមការងារ   មន្រ្តីពាក់ព័ន្ធចុះពិនិត្យ សម្របសម្រួលនិងរកដំណោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋជាភាគីជម្លោះ ។

លោក អ៊ុំ សុផល ភាគីម្ចាស់ដីម្ខាងទៀតដែលរងការចោទប្រកាន់បានបំភ្លឺថា ៖ ដីនៅប្លុកនោះជាអតីតរណ្តៅដីដែលគេកាយអាចម័ដីធ្វើផ្លូវជាតិលេខ៥ ។ ប៉ុន្តែដីនោះ មានមានពលរដ្ឋម្នាក់ជាម្ចាស់ ។និងជាបន្តបន្ទាប់និងចុងក្រោយ  ទើបលោកបានទិញ  ហើយមានបង្កាន់ដៃបញ្ជាក់កម្មសិទ្ធិពីអាជ្ញាធរ និងជំនាញសុរិយោដីតាមនិតិវិធី ។ទោះជាយ៉ាងណា  វាក៏មានលំនាំផ្លូវតូចនិងទាល់មួយខ្សែត្រង់ មាត់ស្រះដែលពលរដ្ឋធ្លាប់ធ្វើដំណើរចេញ ចូលចូលដែរ ។

   លោកបានបន្តថា ៖ មកទល់បច្ចុប្បន្នផ្លូវតូចនោះ ក៏មិនបានបិទឬរំលោភយកដែរ ។ ប៉ុន្តែ លោកបានកាយប្រឡាយប្រុងដាក់លូប្របនោះ ។ ហើយនៅពេលណា គេលុបដីលើលូរួចរាល់   ពលរដ្ឋឬអ្នកណាក៏ដោយអាចធ្វើដំណើរលើផ្លូវតូចនោះឡើងវិញ ។

ប៉ុន្តែ លោកអ៊ុំ សុផល  បានបដិសេធថា លោកមិនអាចទម្លុះរបងបេតុងនិងទ្វារដែក កាត់ដីកម្មសិទ្ធិរបស់លោក អោយពលរដ្ឋភាគីម្ខាងយកធ្វើជាផ្លូវនៅឡើយ ។លោកបានបន្តថា ៖ តាមលោកយល់ ពលរដ្ឋភាគីម្ខាងមានផ្លូវធំខាងមុខផ្ទះរៀងៗខ្លួនសម្រាប់ធ្វើដំណើរ ចេញ ចូលហើយ ។ប៉ុន្តែពួកគេទាំងនោះ មានចេតនាបង្កជម្លោះ ហើយយកលំអានប្រវត្តិទ្រឹស្តី “ឈ្នះបានដី ចាញ់បានលុយ “  មកប្រើប្រាស់  ហេតុនេះ ទើបពួកគេបង្កជម្លោះនេះឡើង  ហើយអាចធ្វើអោយសាធារណជនមានការភាន់ច្រឡំ ។

ឃើញស្ថានភាពទាល់ច្រកដូច្នេះ  លោកគាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត ដែលក៏បានទទួលអនុសាសន៍ពីថ្នាក់លើផងដែរ បានស្នើទិញដីលោកអ៊ុំ សុផល ក្នុងទំហំទទឺង៤ម៉ែត្រ  ដើម្បីបើកផ្លូវដែលពលរដ្ឋភាគីម្ខាងចង់បាន អោយធ្លាយទៅផ្លូវម្ខាងទៀត ។ប៉ុន្តែ  បញ្ហាតម្លៃដីនិងទីតាំង    មិនអាចធ្វើទៅបានទេ ។ហេតុនេះ    លោកគាត ហ៊ុល បានអោយដឹងថា ៖  បើលើកនេះ មិនអាចសម្របសម្រួលរកដំណោះស្រាយបាន ។គឺមានតែរង់ចាំ ចុះដោះស្រាយលើកក្រោយទៀតនៅរដ្ឋបាលថ្នាក់ក្រុងនិងរដ្ឋបាលថ្នាក់ខេត្ត ៕ដោយ៖ឃិន គន្ធា