សៀមរាប÷ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប អោយដឹងថា មន្ដ្រីជំនាញបានរកឃើញបុរសជនជាតិខ្មែរម្នាក់ទៀតមានផ្ទុកមេរោគកូវីដ១៩ នៅក្រុងសៀមរាប ក្រោយពេលវិលត្រឡប់មកពីស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១៧ខែមីនឆ្នាំ២០២១នេះ ។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប មានប្រសាសន៍យ៉ាងខ្លីកាលពីថ្ងៃទី២២ខែមីនានេះថា បុរស់ម្នាក់ដែលផ្ទុកមេរោគកូវីដ១៩នេះ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លាក្រាម ក្រុងសៀមរាប មានវ័យប្រមាណ៤០ឆ្នាំ ដែលបានរកឃើញកាលពីយប់ថ្ងៃទី២១ ខែមីនា ដែលបុរសរូបនោះមកពីស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ដសៀមរាប ។អ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោលមានជាង២០នាក់ ហើយមន្ដ្រីជំនាញសុខាភិបាលបានយកសំណាកធ្វើតេសលើកទី១ហើយដែរ ប៉ុន្ដែមិនទាន់ដឹងលទ្ធផលនៅឡើយទេ ។បើតាមប្រភពមួយផ្សេងទៀតបានអោយដឹងថា បុរសជនជាតិខ្មែរផ្ទុកមេរោគកូវីដ១៩រូបនោះ ជាអ្នកធ្វើចំការនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ហើយធ្លាប់បានទៅចូលរួមមង្គលការនៅខេត្ដព្រះវែង និងបានត្រឡប់មកខេត្ដសៀមរាប នៅថ្ងៃទី១៧ខែមីនានេះ និងបានធ្វើតេសរកឃើញមេរោគកូវីដ១៩នេះនៅយប់ថ្ងៃទី២១ខែមីនានេះ ។
សូមជម្រាបថា ព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ អាជ្ញាធរខេត្ដសៀមរាប បានរកឃើញមនុស្សចំនួន០៣នាក់ បានឆ្លងជំងឺកូវីដ១៩ ដោយចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី២១ខែមីនាឆ្នាំ២០២១នេះ ។ពលរដ្ឋដែលវិជ្ជមានទី១មានឈ្មោះ ហ៊ន់ ស៊ីនឿត ភេទស្រីអាយុជាង៣០ឆ្នាំនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅក្នុងសហគមន៍ បន្ទាប់ពីគាត់បានធ្វើដំណើរពីខេត្ដព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ខែមីនាហើយមកដល់ស្រុកពួកខេត្ដសៀមរាប នៅថ្ងៃទី០៧ខែមីនាកន្លងទៅនេះ។ ដោយឡែកអ្នកពាក់ព័ន្ធជាមួយស្ដ្រីរូបនោះមានចំនួន២០នាក់ត្រូវបានធ្វើចត្ដាឡីស័កលើកទី១អវិជ្ជមាន។អ្នកទី២ មានឈ្មោះ ម៉ាប់ វ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិគោកត្នោត សង្កាត់គោកចក បានរកឃើញមេរោគកូវីដ១៩ កាលពីថ្ងៃទី២០ ខែមីនា ក្រោយពេលបុរសរូបនោះ វិលត្រឡប់មកពីស្រុកគៀនស្វាយ ខេត្ដកណ្ដាលកាលពីថ្ងៃទី៧ខែកុម្ភឆ្នាំ២០២១នេះ អ្នកពាក់ព័ន្ធចំនួនជាង១៤០នាក់ ត្រូវបានធ្វើតេសលើកទី១អវិជ្ជាមាន និងទី៣ មានឈ្មោះ អ៊ឹង ឡាន អាយុប្រមាណ ៤០ឆ្នាំភេទប្រុស នៅភូមិដកពោធិ៍ក្រុងសៀមរាប ត្រូវបានរកឃើញកាលពីយប់ថ្ងៃទី២១ខែមីនានេះ ។ដោយឡែកអ្នកពាក់ព័ន្ធមានចំនួនជាង២០នាក់ ហើយក្រុមគ្រូពេទ្យកំពុងយកសំណាកទៅធ្វើតេសរកមេរោគកូវីដ១៩ ប៉ុន្ដែមិនទាន់ដឹងលទ្ធផលនៅឡើយទេ៕