ឯកឧត្តម​ ជាម​ ច័ន្ទ​សោភ័ណ​ នាំយកអំណោយកាកបាទក្រហមខេត្ត​ត្បូងឃ្មុំ​ ចែកជូនពលរដ្ឋ២១០គ្រួសារ

ត្បូងឃ្មុំ:​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បាននាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋ​ ដែលរងឥទ្ធិពលដោយការរីករាលដាលជំងឺកូវីដ-១៩ ចំនួន២១០គ្រួសារ នៅចំនួន៤ទីតាំងផ្សេងគ្នា ក្នុងភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ 

មានប្រសាសន៍សំណេះសំណាល​នាឱកាស​នោះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ ជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ដែលរងឥទ្ធិពលដោយការរីករាលដាលជំងឺកូវីដ១៩ ដោយក្តីនឹករលឹកបំផុត។ 

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត គូសបញ្ជាក់ថា នៅទីណាមានទុក្ខលំបាកទីនោះគឺមានវត្តមានសម្ដេចទាំងទ្វេ ដែលតែងតែព្រួយបារម្ភ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ពេលគ្រប់វេលា។ កាកបាទក្រហម ត្រូវបានផ្សារភ្ជាប់ជាមួយពលរដ្ឋ គ្រប់កាលៈទេសៈទាំងអស់ ពោលគឺពលរដ្ឋក្រីក្រលំបាក រងគ្រោះធម្មជាតិ ពិសេសរងឥទ្ធិពលដោយសារជំងឺកូវីដ-១៩ ទោះបីសម្ដេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ តែអំណោយទាំងអស់ គឺបាននាំយកមកផ្ដល់ជូនដល់ដៃបងប្អូនគ្រប់ៗគ្នា។  

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឱ្យបងប្អូនទាំងអស់ ត្រូវរក្សាអនាម័យ​ឲ្យ​បានជាប់ជាប្រចាំ រក្សាគម្លាតសង្គម ពាក់ម៉ាស់ លាងដៃនឹងអាល់កុលឬជែល ពិសេសអនុវត្តន៍តាមវិធានការ <<៣ការពារ​ ៣ក>> ឲ្យបានជាប់ជាប្រចាំ។

ជាមួយគ្នា​នោះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងប្រាប់បងប្អូនជនងាយរងគ្រោះ ពីច្បាប់ថ្មីដែលទើបដាក់ឲ្យអនុវត្ត នូវកម្រិតទោសទណ្ឌ និងការផាកពិន័យ ចំពោះរាល់ការគេចវេសនៃការធ្វើចត្តាឡីស័ក ឲ្យ​បងប្អូនបានជ្រួតជ្រាបយល់ច្បាស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ covid 19 នៅកម្ពុជា។

 គួរ​បញ្ជាក់​ថា​ អំណោយដែលផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង២១០គ្រួសារ ដោយក្នុង១គ្រួសារៗ​ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១ឡូ ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប សាប៊ូ១ដុំ ម៉ាស់ និងថវិការមួយចំនួនផងដែរ​ ៕