ខេត្តកណ្តាល៖ ប្រភពដែលបានរាយការណ៍អាជ្ញាធរឃុំពោធិ៍បាន និងឃុំខ្ពប តាលន់ ឃុំត្រើយស្លា និងប្រជានេសាទនៅតំបន់នោះបានអោយដឹងថា ចាប់តាំងពីទឹកទន្លេបាសាក់ចាប់ផ្តើមហក់ឡើងខ្លាំងក្នុងរដូវហាមឃាត់បិទការនេសាទកន្លងមកថ្មីៗនេះស្រាប់តែមានជនអន្តោប្រវេសវៀតណាមជាច្រើននាក់ ប្រើទូកនេសាទខ្នាតធំជាច្រើនគ្រឿងចូលមកសម្រុកធ្វើការនេសាទដោយប្រើឧបរណ៍ល្មើសច្បាប់គឺទូកអូសឆាយរ៉ាយ៉ាងអាណាធិបតេយ្យបំផុត ដោយគ្មានការខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចទេ ជាពិសេសជំនាញជលផលផ្នែកបាសាក់ និងសង្កាត់ស្អាង កោះធំ នោះតែម្តង ។
ករណីដែលមានបទល្មើសនេសាទយ៉ាងអាណាធិបតេយ្យលើដែនដីលើដែនដីរបស់ខ្លួនគ្រប់គ្រង ហើយមិនធ្វើការចុះបង្ក្រាបទាល់តែសោះនោះ ត្រូវបានប្រជាពលរដ្ឋថ្វើការរិះគន់ថា អាជ្ញាធរនិងជលផលបានត្រូវរ៉ូវគ្នារួចរាល់អស់ទៅហើយ ទើបគ្មានការចុះបង្ក្រាបសោះនោះ ។ ប្រជាពលរដ្ឋរស់នៅភូមិព្រែកតាឯក ឃុំត្រើយស្លាបានអោយដឹងថា ចាប់ពីម៉ោងប្រមាណ៩និង០០នាទីយប់ រហូតដល់ម៉ោង៣និង៣០នាទី
ទៀបភ្លឺមានទូកអូសឆាយរ៉ាប្រមាណជាង១០គ្រឿង បំពាក់ដោយម៉ាស៊ីនឡាន និងម៉ាស៊ីនគោយន្ត ធ្វើសកម្មភាពអូសឆាយរ៉ាតាមដងទន្លេបាសាក់ ចាប់ពីភូមិព្រែកថ្មី ក្នុងឃុំត្រើយស្លា ស្រុកស្អាងទៅទៅឃុំតាលន់ ឃុំខ្ពប ឃុំពោធិ៍បាន ឃុំសំប៉ាន ក្នុងស្រុកកោះធំ ឡើងរញ្ជួយពេញដងទន្លេរំខានដល់ដំណេក និងការរកស៊ីនេសាទជាលក្ខណៈគ្រួសាររបស់ពួកគាត់យ៉ាងខ្លាំង ហើយជនអន្តោប្រវេសវៀតណាមទាំងនោះរកស៊ីបានម៉ាសេរី ដោយគ្មានរំខានពីជំនាញជលផលនោះឡើយ ។
ប្រជាពលរដ្ឋបានបន្តថា ជនជាតិវៀតណាមដែលហ៊ានចូលមកនេសាទល្មើសច្បាប់យា់ងគឃ្លើននោះ គឺមានមេខ្លោងឈ្មោះអាហ៊ីង អាយ៉ាំង អាណឺន អាទឹង អាសុខា ដែលបច្ចុប្បន្នស្នាក់នៅដោយខុសច្បាប់ក្នុងស្រុកកោះធំ ឈ្មោះខាងលើបានអួតអាងថា ពួកខ្លួនគេធ្វើការអូសទូកឆាយរ៉ាបានដោយរលូននេះ គឺបានបង់លុយជូនជំនាញជលផលស្រុកកោះធំ ស្រុកស្អាង និងផ្នែកបាសាក់រួចហើយ គឺក្នុងមួយទូកចំនួន២លានរៀល ស្មើនិង៥០០ដុល្លាអាមេរិក ដោយបានទំនាក់ទំនងជាមួយឈ្មោះវ៉ាន់ ជានាយរងសង្កាត់ជលផលស្រុកកោះធំ ជួបជាមួយឈ្មោះម៉ែន សុភាព ហៅក្លូ ជានាយរងសង្កាត់ជលផលស្រុកស្អាង និងឈ្មោះទេព ទូច (ហៅជលផលចិន) ជានាយរងផ្នែកជលផលបាសាក់ ។
ជុំវិញការអះអាងរបស់ពួកឈ្មួញវៀតណាមខាងលើនេះអ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពី ឈ្មោះវ៉ាន់ ឈ្មោះម៉ែន សុភាព ហៅក្លូ និងឈ្មោះទេព ទូច ដែលជានាយរងសង្កាត់ និងនាយរងផ្នែកបាសាក់បានទេ ប៉ុន្តែកន្លងមក លោកសេង ធីម ដែលជានាយផ្នែកជលផលបាសាក់ បានបញ្ជាក់ថា លោកពុំបានទទួលជ្រាបក្នុងករណីនេះទេ ចាំមើលលោកនិងដាក់កម្លាំងចុះស៊ើបអង្កេតស្រាវជ្រាវ ហើយនិងធ្វើការបង្ក្រាបតែម្តង ប៉ុន្តែពេលនេះចាប់ពីខែបិទការនេសាទមកដល់ថ្ងៃនេះជាងពីរខែមកហើយ គឺគ្មានការចុះបង្ក្រាបនោះទេ រីឯបទល្មើសទាំងនោះនៅតែធ្វើសកម្មភាពបានយ៉ាងរលូនដដែល ។
ចំណែកលោកយ៉ែម វន្ថា ជាអភិបាលរងស្រុកស្អាងទទួលបន្ទុកបង្ក្រាបរាល់បទល្មើស ពេលដែលអ្នកយកព័ត៌មានសួរនាំសុំការបំភ្លឺនោះ ក៏ពុំបានធ្វើការអត្ថាធិប្បាយឆ្លើយតបមកវិញផងដែរ នេះសបញ្ជាក់ថា អាចជាករណីប្រព្រឹត្តនូវអំពើពុករលួយជាលក្ខណៈប្រព័ន្ធតែម្តងហើយ ៕ រ៉ាំបូរ