ខេត្តព្រះសីហនុ ៖លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនារសៀលថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០២១ បាន អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខកងកម្លាំងគណ:បញ្ហាការឯកភាពស្រុកព្រៃនប់ ប្រចាំការនៅប៉ុស្តិ៍ ត្រួតពិនិត្យចត្តាឡីស័ក នៅចំនុចស្ពានត្រពាំងរពៅ ស្ថិតនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រំប្រទល់ ខេត្ត ព្រះសីហនុ និងខេត្តកំពត។
.ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់គណៈបញ្ជា ការ ឯកភាពស្រុកព្រៃនប់ ត្រូវពង្រឹងប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កនៅតាមផ្លូវជាតិលេខ៣គឺមិនអនុញ្ញាតឱ្យធ្វើការចល័ត ចេញចូលចំពោះការធ្វើដំណើរដែលមិនចាំបាច់ ដោយឡែកចំពោះរថយន្តដឹកទំនិញ រថយន្តសង្រ្គោះ និងករណី បន្ទាន់ ចាំបាច់ផ្សេងៗគឺត្រូវបានអនុញ្ញាត ដោយតម្រូវឱ្យមានការត្រួតពិនិត្យហ្មត់ចត់ ត្រូវវាស់កំដៅ ចុះឈ្មោះក្នុង ប្រព័ន្ធ Khmer quarantine app និងបាញ់ថ្នាំសម្លាប់មេរោគជាប់ជាប្រចាំ។ ត្រូវយកចិត្តទុកដាក់ច្រកផ្សេងទៀត មានដូចជាច្រកផ្លូវវាង និងផ្លូវរថភ្លើងជាដើម ដើម្បីធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋរបស់យើងចល័តចេញ-ចូលពី ខេត្តព្រះសីហនុទៅកាន់ខេត្តផ្សេង និងពីខេត្តផ្សេងចូលមកខេត្តព្រះសីហនុ។ ការរឹតបណ្តឹងការចេញចូលនេះ ដើម្បីការពារសុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋកុំឱ្យឆ្លងរាលដាលជំងឺកូវីដ១៩ដល់ក្រុមគ្រួសារនិងសហគមន៍ ព្រោះជំងឺនេះ បាន និងកំពុងរាតត្បាតនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសខេត្តព្រះសីហនុរបស់យើងដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ចនៅតាមប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កឱ្យបានខ្ជាប់ខ្ជួន
ទើបយើងអាចជៀសផុតពីជំងឺកូវីដទាំងអស់គ្នា។
លោក គួច ចំរើន ក៏បានថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច យកអស់កម្លាំងកាយចិត្តបំពេញតួនាទី ភារកិច្ច ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានល្អ សូមបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីយកឈ្នះជំងឺឆ្លងកូវីដ១៩នាពេលខាងមុខ។ជាមួយគ្នានេះលោកអភិបាលខេត្តព្រះសីហនុក៏បានឧបត្ថម្ភភេសជ្ជៈ និងថវិកាចំនួន ១០លានរៀល ជូនដល់កម្លាំងគណ:បញ្ហាការឯកភាពស្រុកព្រៃនប់ ប្រចាំការនៅប៉ុស្តិ៍ ត្រួតពិនិត្យចត្តាឡីស័ក នៅចំនុចស្ពានត្រពាំងរពៅ ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត៕នាគសមុទ្រ