ខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុរូមនិងមន្រ្តីមន្ទីរអង្គភាពពាក់ព័ន្ធ នាថ្ងៃទី ២២ខែ មិនា ឆ្នាំ ២០២១ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពប្រភពទឹក នៅអាងស្តុកទឹកជើងគោ របស់ មូលដ្ឋានផលិតទឹកស្អាតលោកគៀតលាងស្ថិតនៅឃុំជើងគោស្រុកព្រៃនប់ដើម្បីត្រៀមបំរុងទុកសម្រាប់ដោះស្រាយនូវបញ្ហាកង្វះខាតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ នៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក គួចចំរើន បានបញ្ជាក់ថា រដូវប្រាំងឆ្នាំនេះ អាចប្រឈមនឹងការខ្វះទឹកស្អាត សម្រាប់ផ្គត់ផ្គង់ជូន ប្រជាពលរដ្ឋប្រើប្រាស់ ជាពិសេស ឃុំវាលរេញ ស្រុកព្រៃនប់ ដោយសារក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតវាលរេញ បានជួបបញ្ហាការបាក់ទំនប់ទឹក កាលពីរដូវ វស្សាកន្លងមក ធ្វើឱ្យអាងស្តុកទឹករបស់លោកឆាប់រីងស្ងួត ហើយ បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជួសជុលនិងខួងអណ្តូងបន្ថែមនៅពុំទាន់បានរួចរាល់ដែលអាចនឹងមានការប្រឈមនឹងកង្វះខាតប្រភពទឹក សម្រាប់បូមមកផលិតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅក្នុងឃុំវាលរេញ នាពេល ខាង មុខ។
ជាការឆ្លើយតប និងដំណោះស្រាយចំពោះមុខ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំ មន្ត្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយម មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ខេត្តនិងអាជ្ញា ធរស្រុកព្រៃនប់ចុះពិនិត្យនិងសម្របសម្រួលរកប្រភពទឹកពីក្រុមហ៊ុនផ្សេងទៀតដើម្បីជួយដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតវាលរេញ ជាបណ្ដោះអាសន្ន ដែលមានអ្នកប្រើប្រាស់ទឹកស្អាតសរុបប្រមាណ១៨០០ គ្រួសារ ក៏ដូចជាទុក លទ្ធភាពឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតវាលរេញ បានធ្វើការជួសជុលអាងស្តុកទឹករបស់ខ្លួនឡើងវិញ បានឆាប់រួច រាល់ផងដែរ។
ក្នុងឱកាសនោះ លោកគួច ចំរើន ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនផលិតទឹកស្អាតក្នុងស្រុកព្រៃនប់ ត្រូវបន្តយកចិត្តទុកដាក់ពង្រីកសមត្ថភាពអាងស្តុកទឹក ឱ្យបានកាន់តែច្រើន និងត្រូវជីកអណ្តូងបន្ថែមដើម្បីត្រៀម ទុកសម្រាប់ផលិត និងផ្គត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ បានប្រើប្រាស់គ្រប់គ្រាន់នៅឆ្នាំបន្តបន្ទាប់ទៀត៕នាគសមុទ្រ