ទេសរដ្នមន្ត្រី ស៊ុន ចាន់ថុល៖​ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបាន​សម្តេច​តេជោ​ ហ៊ុន​ សែន​ អនុញ្ញាត​បេីក​ឲ្យ​ដំណើរ​ការឆ្លងកាត់ចាប់ពីពេលនេះតទៅ

កំពង់ចាម​:​ ឯកឧត្ដមទេសរដ្នមន្ត្រី ស៊ុន ចាន់ថុល រដ្នមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បាន​ប្រកាស​ថា​ ស្ពាន​ស្ទឹងត្រង់​-ក្រូចឆ្មារ​ ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ អនុញ្ញាត​បេីក​ឲ្យ​ប្រជាពលរដ្ឋ​ ធ្វើ​ដំណើរ​ឆ្លង​កាត់​ជា​បណ្ដោះ​អាសន្ន​ ចាប់​ពី​ពេលនេះ​តទៅ​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ពាន​មិត្តភាព​កម្ពុជា​ចិន​ ស្ទឹងត្រង់​-ក្រូចឆ្មារ​ នាព្រឹក​ថ្ងៃ​ទី​២៣​ ខែមិនា​ ឆ្នាំ​២០២១​ ​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង​ឯកឧត្ដម ជាម​ ចាន់សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ​ ។ 

ឯកឧត្ដមទេសរដ្នមន្ត្រី ស៊ុន ចាន់ថុល រដ្នមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន​ មាន​ប្រសាសន៍​ថា​ ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ ស្ទឹងត្រង់​-ក្រូចឆ្មារ​ នេះ​ គឺ​មាន​គម្រោង​សម្ពោធ​ដាក់​ឲ្យ​ប្រេីប្រាស់​ជា​ផ្លូវការ​​នៅ​ថ្ងៃ​ទី​២៤​ ខែមិនា​ ឆ្នាំ​២០២១​នេះ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ ប៉ុន្តែ​ដោយសារ​បញ្ហា​​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដូច្នេះ​មិន​ត្រូវ​ប្រារព្ធ​​ពិធី​​សម្ភោធ​​តាម​ការ​គ្រោងទុក​នោះទេ​ ទេីប​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​​ ចុះ​មក​ពិនិត្យ​ ដេីម្បី​គោរព​ស្នេីសុំ​ទៅ​សម្តេច​​តេជោ​ហ៊ុន​ សែន​ ​ដេីម្បី​បេីក​ឲ្យ​ប្រជាពលរដ្ឋ​ប្រេីប្រាស់​ជា​បណ្ដោះ​អាសន្ន​ ចាប់ពី​ពេល​នេះ​តទៅ​ ចំពោះ​ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ ដ៏រឹងមាំ​នេះ​ ជាពិសេស​ គឺ​នៅពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ នាពេល​ខាងមុខ​នេះ​ គឺឯកឧត្ដម​ មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ ប្រេីប្រាស់​សាឡាង​ទៀត​ទេ​ ព្រោះវា​អាច​មាន​ហានិភ័យ​ខ្ពស់​តាម​រយៈ​ការ​កកស្ទះ​ផងដែរ​ ។ 

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា​ ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ ស្ទឹងត្រង់​-ក្រូចឆ្មារ​ នេះ​ គឺ​ធ្វើ​លឿន​ជាង​ការ​គ្រោងទុក​ រយៈពេល​២ខែ​ ចំពោះ​សាឡាង​ដែល​ធ្លាប់​បម្រើ​ការ​​នៅ​ទីនេះ​ គឺត្រូវ​បង្វែ​យក​ទៅ​ស្រុក​កំពង់លែង​ ខេត្ត​កំពង់ឆ្នាំង​វិញ​ ដោយសារនៅ​ទីនោះ​មិន​ទាន់​មាន​ស្ពាន​នៅឡើយ​ ។ 

ជាមួយ​គ្នានោះ​ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​ខិតខំ​យកចិត្តទុកដាក់​​ថែទាំ​សុខភាព​ គឺ​ត្រូវ​អនុវត្ត​តាម​កន្លង​ថ្មី​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ ៣ការពារ​ ៣កុំ​ ដេីម្បី​ជៀសផុត​ពី​ជំងឺ​កូវីដ​-១៩​ ដ៏​កាច​សាហាវនេះ​ផងដែរ​ ។ 

គួររំលឹកផងដែរថា ស្ពាន​ស្ទឹង​ត្រង់-ក្រូចឆ្មារ​នេះ ត្រូវបាន​បើកការដ្ឋាន​សាងសង់​ជាផ្លូវការ​កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០១៨​ ក្រោមអធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ ដោយស្ពាននេះ​មាន​ប្រវែង​សរុប ១១៣១ ម និង ទទឹង​១៣,៥០ ម ជា​ប្រភេទ​ស្ពាន​បេតុង​សរសៃ​ដែក គ្រោង​ចំណាយ​ថវិកា​សរុប ៥៦,៩៩៨ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយ​ថវិកា​បដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ៕