ខេត្តបាត់ដំបង÷ជនសង្ស័យម្នាក់ដែលគេស្គាល់ថាជាមុខសញ្ញាធ្វើសកម្មភាពគាស់ផ្ទះលួចយកទូរស័ព្ទដៃបានរាប់រយគ្រឿងកន្លងទៅនៅក្នុងខេត្តកំពតពេលនេះសមត្ថកិច្ចខេត្តបាត់ដំបងក្របួចជាប់ហើយខណះដែលជនសង្ស័យរូបនេះបានគេចខ្លួនមកសម្ងំខ្លួននៅនិងលំនៅឋានខ្លួននៅក្នុងស្រុកកំរៀងខេត្តបាត់ដំបង។សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ដោយបានការសម្របសម្រួលលើនីតិវិធីពីលោកគឺ.ប៊ុណ្ណារ៉ាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងនិងលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត។
លោកវរសេនីយ៍ឯកឈឿង.គឹមសុងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹងថាកិច្ចប្រតិបត្តិការខាងលើនេះលោកបានដឹកនាំកម្លាំងការិយាល័យជំនាញរួមនិងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពតដែលដឹកនាំដោយលោកវរសេនីយ៍ឯកលក.ញ៉ាវស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពតនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងចុះប្រតិបត្តិការអនុវត្តន៍តាមដីកាចាត់ឱ្យស៊ើបសួរជំនួសលេខ៤៧៩/២១របស់លោកអាំង.សុភាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពតពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស(គាស់ផ្ទះលួចទូរសព្ទ័ដៃ)កើតឡើងចំនួន០២ករណីនៅក្នុងខេត្តកំពតនាពេលកន្លងទៅ។
លោកបន្តថាជនសង័្សយដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីខាងលើនេះមានឈ្មោះហែម.ហ៊ីភេទប្រុសអាយុ៣៤ឆ្នាំមានទីលំនៅភូមិស្វាយឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង។សម្ភារ:ដែលសមត្ថកិច្ចដកហូតបានរួមមាន៖ទូរស័ព្ទម៉ាកsamsungចំនួនពីរគ្រឿង,Huaweiចំនួន០១គ្រឿង,កាបូបស្ពាយjiahaiពណ៌ខ្មៅចំនួន០១,អាវក្រណាត់ដៃវែងពណ៌ឈាមជ្រូកចំនួន០១, ខោខូវប៊យជើងវែងពណ៌ខៀវចំនួន០១ផង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពគាស់បង្អួចផ្ទះលួចយកទូរស័ព្ទដៃបានចំនួន ០២លើកកន្លងមកហើយនៅក្នុងខេត្តកំពតដោយលើកទី១នៅថ្ងៃទី១៨ខែមករាឆ្នាំ២០២១មិនចាំម៉ោងនៅហាងទូរសព្ទ័យីហោ(ទូកមាសថ្មី)ស្ថិតភូមិព្រៃក្រឡាខាងលិចឃុំទូកមាសខាងលិចក្រុងកំពតខេត្តកំពតបានទូរសព្ទ័ដៃចំនួន៨០គ្រឿង។លើកទី២នៅថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២១នៅផ្ទះលក់ទូរស័ព្ទដៃយីហោ(ធិញពេជ្រ)ស្ថិតក្នុងភូមិកំពង់បាយខាងជើងសង្កាត់កំពង់បាយក្រុងកំពតខេត្តកំពតបានទូរសព្ទ័ដៃចំនួន២៩៧គ្រឿង។មន្ត្រីនៃស្នងការខេត្តបាត់ដំបងបញ្ជាក់ថា:ក្រោយកសាងសំណុំរឿងរួចរាល់ជនសង្ស័យរួមនិងវត្ថុតាងនៅថ្ងៃទី២០ខែមីនាឆ្នាំ២០២១សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានប្រគល់ជនសង្ស័យឱ្យទៅកម្លាំងនគរបាលខេត្តកំពតចាត់ការបន្តតាមនីតិវិធី។