គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្តកំពង់ចាម​ ទទួល​ថវិកា​ និង​សំភារៈ​ ពី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ និង​អង្គការ​កម្ពុជា​ជួយ​ស្ត្រី​មាន​វិបត្តិ​

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ​និង​ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ រួមនឹង​​អភិបាល​រង​ខេត្ត​ នារសៀល​ថ្ងៃ​ទី​២៤​ ខែមិនា​ ឆ្នាំ​២០២១នេះ​ បាន​អញ្ជើញ​ទទួល​ជំនួយ​ជា​ថវិកា​ និង​សំភារៈ​ ពី​សប្បុរសជន​នានា​ ដេីម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ។ 

ស្ថិតក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ​ខេត្ត​​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩ បាន​ថ្លែងអំណរគុណ​ចំពោះ​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ក៏ដូចជា ថ្នាក់ដឹកនាំ និងបុគ្គលិក របស់អង្គការកម្ពុជា ដើម្បីជួយស្ត្រីមាន​វិបត្តិ​ ដែល​បាន​ជួយ​ឧបត្ថម្ភ​ ជា​ថវិកា​ និង​សំភារៈ​​ ជូន​ដល់គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ហើយ​ក៏ជាការជួយរំលែកទុក្ខលំបាកការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ​ ជាពិសេស​ពលករ​ចំណូល​ស្រុក​ត្រឡប់មកពីប្រទេស​ថៃ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ខណៈ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រួមគ្នា​ ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ។

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​ប្រគល់​ និងទទួល​អំណោយ​នេះ​ ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ជួយឧបត្ថម្ភថវិកា ចំនួន ៨លានរៀល និងអង្គការកម្ពុជា ដើម្បី ជួយស្ត្រីមានវិបត្តិ ហៅកាត់ថា (CWCC-JICA) ឧបត្ថម្ភទឹកសុទ្ធ ចំនួន ៥០០កេស ផងដែរ​ ៕