ខេត្តប៉ៃលិន ៖ រថយន្តដឹកដីរបស់មន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តប៉ៃលិន មួយគ្រឿង បានបើកបរក្នុងល្បឿនលឿនលើសកំណត់ ដល់ផ្លួវកោងទប់ចង្កូតមិនជាប់ ក៏រេធ្លាក់ប្រឡាយនៅខាងស្តាំដៃ បណ្តាលឲ្យក្រឡាប់ផ្ងៀងខ្លួន តែមិនមានអ្នករងរបួសនោះទេ ។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣និង០០នាទីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
អ្នកបើកបរត្រូវបានគេស្គាល់ថា ជាបុគ្គលិកមន្ទីរសាធារណៈការខេត្តប៉ៃលិន ប៉ុន្តែត្រួវបានគេលាក់ឈ្មោះ មិនបញ្ជេញ ស្របពេលដែលអ្នកយកព័ត៌មានកម្ពុជាថ្មី ចុះផ្តិតយករូបភាព ក៏ត្រួវបានមន្ត្រីរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ហាមមិនឲ្យថតយករូបភាពផងដែរ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញរថយន្តដឹកដីមួយគ្រឿងដែលសរសេរនៅខាងមុខរថយន្តថា មន្ទីរសាធារណៈការ និង
ដឹកជញ្ជូនខេត្តប៉ៃលិន លេខ០០៦ បើកបរក្នុងល្បឿនលឿន ក្នុងទឹសដៅពីត្បូង ទៅជើង ក្រោមផ្ទៃមេឃភ្លៀងរលឹម លុះមកដល់ចំណុចកើតហេតុខាងលើ ត្រង់ផ្លួវកោងក៏ជ្រុលចង្កូត ធ្លាក់ប្រឡាយក្រឡាប់ផ្ងៀងខ្លួន ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ ។ ប្រភពបន្តថា៖ ក្រោយពេលកើតហេតុក៏ឃើញរថយន្តស្ទួចរបស់មន្ទីរសាធារណៈការខេត្ត មកជួយស្ទួចរថយន្តដឹកដីគ្រោះថ្នាក់ចរាចរណ៏ យកទៅជុសជុលផងដែរ៕



































