ពលករជិត២០នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក១៤ថ្ងៃក្រោយត្រឡប់ពីប្រទេសថៃតាមច្រករបៀងស្រុកសំពៅលូន

0

ខេត្តបាត់ដំបង÷ពលករខ្មែរជិត២០នាក់ដែលបានត្រឡប់ពីប្រទេសថៃចូលតាមច្រករបៀងក្នុងស្រុកសំពៅលូនត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះប្រចាំតំបន់ព្រំដែនបានទទួលយកទៅឲ្យធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃក្នុងភូមិសាស្ត្រស្រុកសំពៅលូន។
សមត្ថកិច្ចគោលដៅស្រុកសំពៅលូនបានប្រាប់ឲ្យដឹងថា÷ដើម្បីអនុវត្តតាមវិធានការផ្លូវច្បាប់ពាក់ព័ន្ធនិងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧កម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូលេខ៩សហការជាមួយកម្លាំងយោធាវរសេនាតូច៥៣៣រួមជាមួយកម្លាំងចម្រុះជាច្រើនទៀតនៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំន២០២១នេះបានចុះនាំខ្លួនប្រជាពលរដ្ឋជាពលករខ្មែរប្រុសស្រីរួមទាំងក្មេងផងដែរសរុបចំនួន១៩នាក់ដែលវិលត្រឡប់មក ពីប្រទេសថៃវិញដោយឆ្លងដែនតាមផ្លូវកាត់ច្រករបៀងប្រុងមិនចូលធ្វើចត្តាឡីស័កតាមការណែនាំរបស់រាជរដ្ឋាភិបាល។
ប្រភពខាងលើបន្តថា:ប្រជាពលករទាំង១៩នាក់ខាងលើក្នុងនោះមានបុរសពេញវ័យចំនួន៥នាក់ស្រ្តីចំនួន៥នាក់និងក្មេងប្រុសក្មេងស្រីចំនួន៩នាក់ទៀត។អ្នកទាំងអស់គ្នាបានឆ្លងដែនចេញពីប្រទេសថៃហើយចូលមកទឹកដីប្រទេសកំណើតកាត់តាមចំណុចភូមិសាស្ត្រភូមិរស្មីភូមិស្ពានយោលក្នុងឃុំជ្រៃសីមានិងកាត់តាមភូមិសាស្ត្រភូមិគីឡូលេខ១៣ក្នុងឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា÷ក្រោយកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនពលករទាំងអស់កម្លាំងជំនាញបានសាកសួរធ្វើនិងធ្វើកំណត់ហេតុរួចណែនាំអប់រំនិងឲ្យផ្តឹតមេដៃសន្យាឈប់ប្រព្រឹត្តហើយប្រគល់ទៅឲ្យក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវត្តតាមវិធានសុខាភិបាលនៅអនុវិទ្យាល័យកូនភ្នំ៣២ក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង៕សៅ សារិទ្ធ