ពលករជាច្រើននាក់បន្តចេញពីប្រទេសថៃតាមផ្លូវកាត់ត្រូវសមត្ថកិច្ចនាំខ្លួនទៅពិនិត្យសុខភាពនិងធ្វើចត្តាឡីស័ក

0

ខេត្តបាត់ដំបង÷នៅតាមច្រករបៀងព្រំប្រទល់កម្ពុជាថៃនៅតែមានពលករខ្មែរប្រុសស្រីចាស់ក្មេងជាច្រើនបានត្រឡប់ចូលមកពីប្រទេសថៃខណះដែលបុណ្យចូលឆ្នាំជាតិខិតជិតមកដល់ហើយពួកគេតែងមានបំណងគេចវេះពីការអនុវត្តធ្វើចត្តាឡីស័ក។
សមត្ថកិច្ចនៅតាមគោលដៅបានប្រាប់ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៥ខែមីនាថា÷ក្រោមការអនុវត្តវិធានការពង្រឹងកិច្ចការត្រួតពិនិត្យតាមគោលដៅបណ្តោយបន្ទាត់ព្រំដែនសំដៅការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩កាលពីល្ងាចថ្ងៃទី២៥ខែមីនាឆ្នាំ២០២១កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧កម្លាំងប៉ុស្តិ៍នគរបាលព្រំដែនសហការរួមជាមួយកងយោធាវរសេនាតូច៥៣៣និងកម្លាំងចម្រុះជាច្រើនទៀតបានចុះល្បាតនិងនាំខ្លួនពលករខ្មែរទាំងចាស់ទាំងក្មេងសរុបចំនួន៥១នាក់ដែលបានបន្តសម្រុកចាកចេញពីប្រទេសថៃហើយចូលមកទឹកដីស្រុកសំពៅលូនតាមផ្លូវកាត់ច្រករបៀងជាច្រើនកន្លែងដោយពួកគេមានបំណងគេចវេះមិនចូលធ្វើចត្តាឡីស័កតាមការណែនាំរបស់រាជរដ្ឋាភិបាល។
កម្លាំងការពារតំបន់ព្រំដែនបន្តថា÷នៅថ្ងៃដដែលខាងលើនេះប្រជាពលរដ្ឋដែលជាពលករទាំងអស់បាននាំគ្នាឆ្លងដែនចូលមកស្រុកកំណើតវិញកាត់តាមច្រករបៀងចំនួន៤ក្នុងនោះឆ្លងកាត់តាមភូមិសាស្ត្រភូមិពោធិ៍ជ្រៃឃុំសិរីមានជ័យចំនួន២៧នាក់,ឆ្លងតាមចំណុចភូមិគីឡូ១៣ឃុំសន្តិភាពចំនួន៦នាក់,ចូលកាត់តាមចំណុចភូមិគីឡូលេខ៩ក្នុងឃុំជ្រៃសីមាចំនួន១៨នាក់និងលួចតាមចំណុចភូមិអូរឃុំសន្តិភាពស្រុកសំពៅលូនចំនួន១នាក់សរុបទាំងអស់ចំនួន៥១នាក់ជាបុរសចំនួន១២នាក់ស្ត្រី១៨នាក់និងក្មេងប្រុសស្រីសរុបចំនួន២១ផងដែរ។
សមត្ថកិច្ចបន្តថា:ពលករទាំងអស់ខាងលើបន្ទាប់ពីទទួលបាននូវការណែនាំអប់រំពីសមត្ថកិច្ចជំនាញកម្លាំងជំនាញបន្តសាកសួរធ្វើកំណត់ហេតុដើម្បីបញ្ជូនពួកគេប្រគល់ឲ្យគ្រូពេទ្យអនុវត្តធ្វើចត្តាឡីស័កដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អគប្បីត្រូវចូលរួមអនុវត្តធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។បច្ចុប្បន្នពលករទាំង៥១នាក់ត្រូវបានក្រុមគ្រូពេទ្យដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃតាមវិធានសុខាភិបាលនៅអនុវិទ្យាល័យកូនភ្នំ៣២ស្រុកសំពៅលូនខេត្តបាត់ដំបង៕សៅ សារិទ្ធ