ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានរថយន្តធុនធំ យុីឌុប(ហៅ៥ភ្លៅ)បុកហើយកិន កាលពីវេលាម៉ោង៨យប់ថ្ងៃព្រហស្បតិ៏ ទី២៥ ខែមីនា ឆ្នាំ២០២១ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្លូវមហាវិថីវិមានឈ្នះឈ្នះកែងនិងផ្លូវឈូកវ៉ា ក្នុងសង្កាត់សំរោងក្រោម
ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហេង ទ្រេនភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ រស់នៅម្តុំឈូកវ៉ា ក្នុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិស្រម៉ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ដោយជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1IE.5772ជិះតែម្នាក់ឯង។ចំណែករថយន្តម៉ាកហុីយ៉ាន់ដាយ ហៅយុីឌុប៥ភ្លៅ ពណ៌ស ស៊េរីឆ្នាំ១៩៩៩ ពាក់ផ្លាកលេខកំពង់ចាម 3A.8036បើកបរដោយបុរស ម្នាក់និង រួមដំណើរព្រូម្នាក់ទៀត។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញបុរសម្នាក់បើកម៉ូតូម៉ាកនិច តាមបណ្ដោយផ្លូវមហាវិថីវិមានឈ្នះឈ្នះ ទឹសដៅពីត្បូងទៅជើង កំពុងតែជិះសុខៗស្រាប់តែមាន រថយន្ត ហ៊ីយ៉ាន់ដាយ ហៅយីឌុប៥ភ្លៅបើកមកពីក្រោយតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះទឹសដៅពីត្បូងមកជើងស្របទិសគ្នា ខណៈ មកដល់ចំណុចកើតហេតុខាងលើស្រាប់តែបុក ម៉ូតូពេញទំហឹងបណ្ដាលឲ្យដួលហើយកិនបុរស ម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ រថយន្តមិនឈប់នោះទេបាន ព្យាយាមបើករត់ចម្ងាយពីកន្លែងកើតហេតុ ប្រហែលមួយគីឡូដីទើបសមត្ថកិច្ចឃាត់រថយន្ដបានចាប់បានព្រូម្នាក់ចំណែកឯអ្នកបើកបរបាន រត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា