អភិបាលខេត្តកែប ណែនាំដល់មន្ត្រីគ្រប់ជំនាញ ឲ្យបន្តសហការ ក្នុងយុទ្ធនាការបង្ការ ការពារជំងឺកូវីដ ១៩ ឲ្យបានផុលផុស

0

(ខេត្តកែប)៖ ដើម្បីបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ ១៩ កុំឲ្យរីករាលដាលនៅតាមសហគមន៍ អភិបាលខេត្តកែប បានណែនាំដល់មន្ត្រីគ្រប់ជំនាញ ឲ្យបន្តសហការ បង្ការ ការពារ កុំឲ្យជំងឺដ៏កាចសាហាវនេះ រីករាលដាលក្នុងដែនសហគមន៍របស់យើងឲ្យសោះ។

ថ្លែងនៅក្នុងឱកាសសំណេះសំណាលជាមួយអាជ្ញាធរក្រុង ស្រុក កងម្លាំងប្រដាប់អាវុធគ្រប់អង្គភាព និងមន្ត្រីបុគ្គលិកសុខាភិបាល កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ថ្វីត្បិតកាលពីប៉ុន្មានថ្ងៃមុន ខេត្តកែបមានស្ត្រីអាយុ៣៤ឆ្នាំម្នាក់មកពីខេត្តព្រះសីហនុ មានវិជ្ជមានកូវីដ១៩ ប៉ុន្តែអ្នកពាក់ព័ន្ធ៥នាក់ទៀត ក្រោយពីធ្វើតេស្តលើកទី១ លទ្ធផលគឺសុទ្ធតែអវិជ្ជមានទាំងអស់។

ឯកឧត្តមអភិបាលខេត្តកែប បានបន្ថែមទៀតថា ដូច្នេះដើម្បីបង្ការ ការពារ កុំឲ្យមានការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងសហគមន៍និមួយៗ ចាំបាច់មន្ត្រីគ្រប់ជំនាញត្រូវតែសហការគ្នា បន្តធ្វើការផ្សាយរាល់វិធានការចាំបាច់ទាំងឡាយ ពិសេសវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់សម្តេច តេជោ ហ៊ុន សែន ដែលជាវិធានការដ៏សំខាន់ គឺ”៣ការពារ ៣កុំ”។

សូមជម្រាបដែរថា បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាលខេត្តកែប បានណែនាំដល់មន្ត្រីក្រោមឱវាទ ធ្វើផ្សព្វផ្សាយនិងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងដាក់រនាំងដើម្បីត្រួតពិនិត្យ វាស់កម្តៅ លាងសម្អាតដៃ នឹងអាកុល ដល់អ្នកធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្រ្តខេត្តកែប ដោយការត្រួតពិនិត្យនេះបានអនុវត្តឡើងលើ២៤ម៉ោង ដែលមាន៣គោលដៅ រួមមាន៖ គោលដៅក្រុងកែប ចំណុចមុខវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស(ផ្លូវជាតិលេខ៣៣) និងគោលដៅស្រុកដំណាក់ចង្អើរ មាន២កន្លែង គឺត្រង់ចំណុច រោងចក្រពូចិន(ផ្លូវជាតិលេខ៣៣) និងចំណុចស្ពានដែក (ផ្លូវជាតិលេខ១៣៣២)។

ជាមួយគ្នានេះបន្ទាប់ពីសំណេះសំណាល សួរសុខទុក្ខ ដល់កម្លាំងចម្រុះ នៅតាមគោលដៅនិមួយៗរួចមក រដ្ឋបាលខេត្តកែប បានពាំនាំនូវអំណោយរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងនោះមានគ្រឿងឧបភោគ បរិភោគ និងសម្ភារៈ សម្រាប់បង្ការ ការពារជំងឺកូវីដ ១៩ មានម៉ាស់ ជែល អាកុល អង្ករ និងថវិកាមួយចំនួនផងដែរ៕ សេង ណារិទ្ធ