កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១នេះ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី១ ជូនដល់ស្ត្រីមេម៉ាយទុរគតម្នាក់ ឈ្មោះ ខឹម ណារី អាយុ៧២ឆ្នាំ រស់នៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដោយមានការនិមន្តចូលរួមពី ព្រះនាគមុនីមេគណខេត្ត និងព្រះមន្ត្រីសង្ឃផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកយាយខឹម ណារី ក៏ដូចជាប្រជាពលរដ្ឋជួបការលំបាកខ្វះខាតក្នុងជីវភាព ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យបានខ្ជាប់ខ្ជួន តាមរយៈសារអប់រំពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ” ៣ការពារ ៣កុំ និង២ចូលរួម ” ព្រមទាំងសារអប់រំណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះផងដែរ ។
គួរបញ្ជាក់ថា សម្រាប់ផ្ទះមនុស្សធម៌ ១ខ្នង ដែលមានទំហំ៤x៦ម៉ែត្រនេះ គឺត្រូវចំណាយថវិកាមូនិធិរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដោយមានការចូលរួមពី ព្រះនាគមុនីមេគណខេត្ត និងសប្បុរសជន។ ចំពោះអំណោយដែលផ្តល់ជូនលោកយាយ ខឹម ណារី សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ២៥គក្រ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មី ឃីត១បញ្ចប់អាវយឺត២ សម្ភារដំណេក សម្ភារផ្ទះបាយ និងថវិកា២០ម៉ឺនរៀល ។
ដោយឡែក ប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាព ចំនួន១២គ្រួសារទៀត ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មី ឃីត អាវយឺត និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ ៕