ខេត្តកំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី បាននាំយកនូវទេយ្យទានបច្ច័យជាង២លានរៀល អង្ករ២០០គ.ក មី៨ កេស ទឹកសុទ្ឋវីតាល់ ១០ កេះ ទឹកផ្លែឈើ២កេស និង បរិក្ខាពេទ្យសំរាប់ការពារមេរោគកូវីដ19 ដែកជាសទ្ធាជ្រះថ្លារបស់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ វេរប្រគេនដល់ព្រះសង្ឃ និងអាចារ្យគណកម្មការវត្តបាគង ស្ថិតនៅក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១។
ព្រះតេជគុណ ព្រះចៅអធិការវត្ត មានសង្ឃដិការថា នៅក្នុងវត្តបាគង មានព្រះសង្ឃគង់នៅចំនួន២៩ អង្គ ព្រមទាំងលោកយាយលោកតាដែលរស់នៅស្នាក់អាស្រ័យនៅក្នុងវត្ត ខណៈនេះមិនបាននិមន្តបិណ្ឌបាត្រនោះទេ ដែលបច្ចុប្បន្នកំពុងរងផលប៉ះពាល់ដោយសារការឆ្លងរីករាលដាលមេរោគកូវីដ19 ចូលក្នុងសហគមន៍ បានបណ្ដាលឱ្យពុទ្ធបរិស័ទចំណុះជើងវត្តមិនសូវហ៊ានយកចង្ហាន់យកមកប្រគេនព្រះសង្ឃ ។
ឧត្តមសេនីយ៍ទោសោម ស៊ុន មានប្រសាសន៍ថា ដោយមើលឃើញពីផលពិបាក ក្នុងការរៀបចំចង្ហាន់ផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃ ទើបបានចូលរួមថែរក្សាព្រះពុទ្ធសាសនា ឲ្យនៅគង់វង្ស ដែលជាស្រែបុណ្យសម្រាប់ពុទ្ធបរិស័ទ ក្នុងនោះដែរ កងទ័ពគឺជាកូនចៅរបស់ប្រជាជន គោរពស្រលាញ់ប្រជាជន កងទ័ពត្រូវតែរួមចំណែកក្នុងការជួយដោះស្រាយរាល់ការលំបាករបស់ប្រជាជន និងព្រះសង្ឃដែលជួបការលំបាកនៅពេលនេះ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណូមពរដល់ព្រះសង្ឃ លោកយាយលោកតា និងពុទ្ធបរិស័ទទាំងអស់ ត្រូវគោរពនិងអនុវត្តឲ្យបាននូវវិធានការ3 ការពារ និងប្រធានការ 3 កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង ឲ្យបានហ្មត់ចត់ដើម្បីថែរក្សាអាយុជីវិតយើង ក្រុមគ្រួសារយើង ជៀសផុតពីការឆ្លងរីករាលដាលមេរោគកូវីដ19 ចូលក្នុងសហគមន៍ មេរោគកូវិដ១៩ បានធ្វើឲ្យមនុស្សស្លាប់ជាង១០នាក់រួចមកហើយ ។
ព្រះសង្ឃ លោកអាចារ្យគណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តបាគង បានអំណរគុណ ឧត្តមសេនីយ៍ទោសោម ស៊ុន និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយដោះស្រាយការលំបាករបស់ព្រះសង្ឃនិងពុទ្ធបរិស័ទ ។
ដោយ ប៊ុន រដ្ឋា