អភិបាលខេត្តចុះសួរសុខទុក្ខពលរដ្ឋ និងកងកម្លាំងប្រចាំការប៉ុស្តិ៍ត្រួតពិនិត្យនៅផ្សារត្រពាំងរពៅស្រុកទឹកឈូ

កំពត ÷ អភិបាលខេត្តចុះសួរសុខទុក្ខពលរដ្ឋ និងកងកម្លាំងប្រចាំការប៉ុស្តិ៍ត្រួតពិនិត្យនៅផ្សារត្រពាំងរពៅស្រុកទឹកឈូនៅ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខ ប្រជាពលរដ្ឋ និងកងកម្លាំងសមត្ថកិច្ចឈរជើងប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យផ្លូវជាតិលេខ៣ ចំនុចផ្សារត្រពាំងរពៅស្ថិតក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ ជាប់ព្រំប្រទល់រវាងស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងខេត្តកំពត។

តាមរយៈរបាយការណ៍របស់លោក នាក់ សុវណ្ណរី អភិបាលស្រុកទឹកឈូ បានឲ្យដឹងថា ចាប់ពីថ្ងៃដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅថ្ងៃទី ៥ ខែមីនា រហូតដល់ថ្ងៃទី ២៨ខែមីនា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋធ្វើដំណើរពីខេត្តព្រះសីហនុ មានចំនួន១២៩០នាក់ ស្រី៥០១នាក់  ប៉ុណ្ណោះ ហើយតាមការសាកសួរពួកគាត់បានត្រឡប់មកលំនៅដ្ឋានវិញ ហើយមិនមានករណីអ្វីគួរឲ្យកត់សំគាល់ទេ ។  

ឯកឧត្តមជាវ តាយអភិបាលខេត្ត បានកោតសរសើរដល់ក្រុមការងារត្រួតពិនិត្យនៅប៉ុស្តិ៍ត្រពាំងរពៅ និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទឹកឈូ ដែលបានយកចិត្តទុកដាក់អនុវត្ត បំពេញតួនាទីភារកិច្ច ក្នុងការត្រួតពិនិត្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តព្រះសីហនុមកកាន់ខេត្តកំពតមានលក្ខណៈល្អប្រសើរ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែន ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ ដើម្បីរួមគ្នា បង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលបច្ចុប្បន្នខេត្តព្រះសីហនុបាននិងកំពុងបន្តឆ្លងជាបន្តបន្ទាប់នូវជំងឺកាចសាហាវនេះនេះ ។

ឯកឧត្តមជាវតាយក៏បានធ្វើការណែនាំដល់អាជ្ញាធរឃុំស្រុកនិងកងកម្លាំង ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការត្រួតពិនិត្យនៅតាមចំណុចផ្សេងទៀត រវាងព្រំប្រទល់ ខេត្តព្រះសីហនុ និងខេត្តកំពតឲ្យបានកាន់តែប្រសើរ ហើយមិនត្រូវអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរចេញចូល នៅក្នុងកាលៈទេសៈនេះឡើយ លើកឡែងករណីចាំបាច់បំផុត។ 

ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ ត្រូវយកចិត្តទុកដាក់ ចូលរួមអនុវត្តឲ្យបានជាប្រចាំនូវវិធានការសុខាភិបាល ពិសេសសេចក្ដីអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ ៣កុំឲ្យបានខ្ជាប់ខ្ជួនជានិច្ច។

ឯកឧត្តមអភិបាលខេត្តក៏បានប្រគល់ជូនម៉ាសចំនួន ២០០០ម៉ាសទឹកអាកុល៦០ លីត្រនិងជូនថវិកាដល់រដ្ឋបាលស្រុក១លានរៀល កងកម្លាំងប្រចាំការចំនួន៥៥នាក់ម្នាក់ៗ៥ម៉ឺនរៀល ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជាវ តាយ ក៏បានចុះសួរសូខទុក្ខ ក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ និងសួសុខទុក្ខអាជីវករក្នុងផ្សារត្រពាំងរពៅផងដែរដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែង ក្នុងការប្រកបអាជីវកម្ម ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ ៕