រថយន្តក្រឡុកស៊ីម៉ង់ត៍កៀរម៉ូតូមួយគ្រឿងដួលរួចកិន បណ្ដាលឲ្យស្រ្តីម្នាក់ដាច់ខ្លួនជា២ស្លាប់ និងបុរសម្នាក់ទៀតរងរបួសស្រាល

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបរក្នុងល្បឿនលឿនកៀរម៉ូតូមួយគ្រឿងដួលរួចកិន បណ្ដាលឲ្យស្រ្តីជាប្រពន្ធដាច់ខ្លួនជា២កំណាត់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងបុរសជាប្ដីរងរបួសស្រាល។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះស្លាប់ ឈ្មោះ ហ៊ន ភារិន អាយុ ៣១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ ស្នាក់នៅជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់កន្ទោក ខណ្ឌកំបូល។ ចំណែកឯ ប្ដីរងរបួសស្រាល ឈ្មោះ សារិន សំអាន អាយុ ៣១ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនម៉ូតូហុងដា និងមានកូនស្រីម្នាក់ នៅក្នុងបន្ទុកគ្រួសារ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1L-9853 ជិះឌុបគ្នារួមដំណើរប្តីប្រពន្ធ២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ដោយប្ដីជាអ្នកឌុបចេញពីផ្ទះជួលទៅស្រុកកំណើត ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្វេងដៃចូលទៅផ្លូវមហាវិថីឈ្នះឈ្នះ ក៏ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងទៀត ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លកលេខ ភ្នំពេញ 5A-1034 បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ស្របទិសគ្នា ក្នុងល្បឿនលឿនជ្រុលទៅកៀរម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1L-9853 ពីក្រោយ បណ្ដាលឲ្យដួលហើយស្រ្តីជាប្រពន្ធខ្ទាតចូលក្រោមកង់រថយន្តកិនដាច់ខ្លួនជា២កំណាត់ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯបុរសជាប្ដីខ្ទាតចេញរងរបួសស្រាល។ ចំណែកឯ ម៉ូតូរងគ្រោះ និងរថយន្តបង្ករងការខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ។ ហើយភ្លាមៗនោះ តៃកុងរថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯ សពសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ក៏ប្រគល់សពជូនឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕