ខេត្តបាត់ដំបង÷បន្ទាប់ពីមានការផុសបង្ហោះនិងមានការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញព័ត៌មានសង្គមជាច្រើនពាក់ព័ន្ធនិងការបិទផ្លូវពីអ្នកជិតខាងធ្វើឲ្យស្ត្រីវ័យចំណាស់ចេញចូលដោយលូនក្រាបរាល់ថ្ងៃនោះ។នៅរសៀលថ្ងៃទី៣១ខែមីនាឆ្នាំ២០២១នេះក្រោមការយកចិត្តទុកដាក់ពីលោកងួន.រតន:អភិបាលខេត្តបាត់ដំបងបានចាត់ឲ្យអភិបាលរងខេត្តលោកសឿម.ប៊ុនរឹទ្ធ រួមទាំងក្រុមការងារមួយចំនួនទៀតចុះជាបន្ទាន់ដើម្បីពិនិត្យលទ្ធភាពក្នុងការដោះស្រាយបញ្ហាលំបាករបស់បងប្អូនប្រជាពលរដ្ឋមួយគ្រួសារឋិតនៅក្នុងក្រុមទី៤ភូមិសូភីឃុំអន្លង់រុនស្រុកថ្មគោលខេត្តបាត់ដំបងដែលត្រូវបានភាគីម្ខាងទៀតបានធ្វើរបងលួសព័ទ្ធបិទជិតផ្ទះគាត់មិនឲ្យច្រកចេញចូលកន្លងទៅ។
ជាលទ្ធផលចំពោះមុខក្រុមការងារបានបើករបងលួសត្រង់ផ្នែកមុខផ្ទះចេញហើយដើម្បីឱ្យយាយតាជាម្ចាស់ផ្ទះបានចេញចូលមានភាពងាយស្រួលឡើងវិញជាធម្មតារីឯបញ្ហាទំនាស់រងចាំការដោះស្រាយតាមនីតិវិធីនិងតាមដំណាក់កាលជាក់ស្តែងនៅពេលក្រោយ។ពាក់ព័ន្ធនិងករណីនេះលោកជា.សម្បត្តិអភិបាលស្រុកថ្មគោលបានបញ្ជាក់ពីដើមហេតុថា÷ដំបូងឡើយតាយាយ(មិនស្គាល់ឈ្មោះ)ខាងលើបានរស់នៅលើដីចំណីផ្លូវក្រោយមកអាជ្ញាធរត្រូវការអភិវឌ្ឍកំណាត់ផ្លូវនេះដោយស្ថាបនាជាផ្លូវក្រាលកៅស៊ូពេលនោះលោកមេឃុំក៏បានសម្របសម្រួលឲ្យគាត់ទៅរស់នៅលើដីមួយកន្លែងដែលជាដីលំនៅឋានកើតហេតុបច្ចុប្បន្ននេះ។
លោកបន្តថាក្រោយពីអាជ្ញាធរឃុំបានដោះដូរដីឲ្យពីរនាក់យាយតាខាងលើមកមករស់នៅគាត់ក៏បានសាងសង់ផ្ទះថ្មីនៅក៏ស្រាប់តែមានម្ចាស់មួយទៀតចេញមុខមកធ្វើប្លង់លក្ខណះជាប្រព័ន្ធហើយកាន់កាប់ដោយអះអាងថាដីខាងលើជាដីរបស់គាត់ជាយូរមកហើយ។មិនបានយូរប៉ុន្មានផងក៏គ្រួសារខាងម្ចាស់ប្លង់អ្នកគ្រប់គ្រងស្របច្បាប់បានដេញយាយតាចេញពីដីរបស់ខ្លួនប៉ុន្តែភាគីយាយតាមិនព្រមចេញឡើយដោយលើកឡើងថាគាត់បានរស់នៅលើដីចំណីផ្លូវមិនមានម្ចាស់ទេ។
លោកអភិបាលស្រុកបន្តថា÷ដោយសារយាយតាមិនព្រមចេញពីលំនៅឋានដែលរស់នៅបច្ចុប្បន្នតាមសំណើររបស់ភាគីមួយទៀតមានថ្ងៃមួយភាគីម្ចាស់ដីដែលមានប្លង់ស្របច្បាប់ត្រឹមត្រូវខាងលើនេះបានធ្វើរបងសំណាញ់បិទហ៊ុំព័ទ្ធដីមិនឲ្យយាយតា បានចេញចូលម្តងរួចមកហើយតែត្រូវអាជ្ញាធរបានដោះស្រាយឲ្យបើកផ្លូវទ្វាបានដើរឡើងវិញនិងចុងក្រោយនៅថ្ងៃទី២៩ខែមីនាឆ្នាំ២០២១ថ្មីៗនេះភាគីម្ចាស់ដីមានប្លង់រឹងបានបិទសារជាថ្មីទៀតរហូតដល់តាយាយឲ្យកូនរបស់គាត់ថតបង្ហោះតាមបណ្តាញព័ត៌មានសង្គមតែម្តង៕សៅ សារិទ្ធ





































